សង្គម

លោកទេសរដ្ឋមន្រ្តី ស្នើឲ្យអាជ្ញាធរមូលដ្ឋាន បង្កើនការយកចិត្តទុកដាក់បងប្អូនអតីតយុទ្ធជន ដែលមានកូនច្រើន និងដីតូចចង្អៀត

image


ពោធិ៍សាត់៖ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ ប្រធានកិត្តិយសសមាគមអតីយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ គឺលោកជាវ តាយ ជំនួសលោកម៉ៅ ធនិន ដែលត្រូវផ្ទេរទៅខេត្តកំពត ពិធីប្រកាសទទួលស្គាល់នេះ ត្រូវបានធ្វើឡើងក្នុងសាលាខេត្ត។

លោកទេសរដ្ឋមន្រ្តី បានស្នើឲ្យអាជ្ញាធរភូមិ ឃុំ សង្កាត់ ក្រុង ស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាលសូមបង្កើនយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជនដែលមានកូនច្រើន ដីតូចចង្អៀត និងអ្នកខ្លះមានផ្ទះមិនសមរម្យ ខ្លះមានដីតែអត់ផ្ទះនិងអ្នកខ្លះអត់ដីអត់ផ្ទះរស់នៅជាមួយបងប្អូនឬញ្ញាតិមិត្តគឺត្រូវជួយសាងសង់ផ្ទះនិងចែកដីធ្លីជូនពួកគាត់សម្រាប់ធ្វើលំនៅឋាននិងធ្វើកសិកម្មដើម្បីឆ្លើយបតទៅនិងគុណបំណាច់ដែលពួកគាត់បានលះបង់កម្លាំងកាយចិត្តព្រមទាំងអាយុជីវិតក្នុងបុព្វហេតុជាតិនិងប្រជាជន។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់គីម បាននាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខនិងនឹករឭក ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែនប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងសម្តេចកិត្តិព្រិទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលសម្តេចទាំងពីរតែងយកចិត្តទុក្ខដាក់គិតគូអំពីជីវភាពរស់នៅនិងសុខមាលភាពបងប្អូនអតីតយុទ្ធជនរបស់យើងគ្រប់ពេលវេលា។

ជាក់ស្តែងកន្លងទៅ សម្តេចបានផ្តល់ដីសម្បទានសង្គមនិងសាងសង់ផ្ទះជូនពុក ម៉ែបងប្អូនអតីតយុទ្ធជននៅភូមិប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ស្រុកភ្នំក្រវាញ ដែលនេះគឺជាមរតកដ៏ធំធេងរបស់សម្តេចតេជោនិងសម្តេចកិត្តិព្រិទ្ធបណ្ឌិតដើម្បីឆ្លើយបតចំពោះគុណបំណាច់មិនអាចកាត់ថ្លៃបានរបស់បងប្អូនអតីតយុទ្ធជនយើង។

ហើយសម្តេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលកន្លងមកបានយកចិត្តទុកដាក់ជួយ ឧបត្ថម្ភ និងជួយដោះស្រាយរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើងផងដែរ។

លោកទេសរដ្ឋមន្រ្តីគន់ គីម បានអបអរសាទរចំពោះលោកជាវ តាយ ដែលទើបតែងតាំងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ហើយថ្មីៗនេះលោកបានទទួលដោះស្រាយជូនពុកម៉ែបងប្អូនអតីតយុទ្ធជនរបស់យើងចំនួន២៧គ្រួសារទៀតដែលមិនទាន់មានផ្ទះនៅ។

នៅក្នុងឪកាសនោះលោកទេសរដ្ឋមន្រ្តីគន់ គីមនិងលោកជាវ តាយ បានឧបត្ថម្ភស្បៀង សម្ភារ:ប្រើប្រាស់និងថវិកាមួយចំនួនដល់ពុក ម៉ែបងប្អូនអតីតយុទ្ធជនចំនួន១០០នាក់ដែលបានចូលរួមក្នុងពិធីនេះផងដែរ៕
ដោយ៖ សេង ប៊ុនធឿន