សង្គម

អាជ្ញាធរខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខណៈដែលខេត្តមួយនេះគ្រោះថ្នាក់ចរាចរណ៍នៅតែមានចំនួនច្រើន

image


បន្ទាយមានជ័យ៖ យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកក្នុងខេត្តបន្ទាយមានជ័យ ដែលធ្វើឡើងក្រោមវត្តមាន លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គនាយកអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ជ.គ និង លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមនឹងមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្ស និងជាង១០០នាក់ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រី មឹន មាណវី បានលើកឡើងថា ប្រសិនមានម៉ូតូល្អទំនើបជិះ ត្រូវពាក់មួកសុវត្ថិភាព បើករថយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថភាព និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនទើបប្រសើរ។ ចំពោះបញ្ហាយល់ដឹងរបស់ពលរដ្ឋ នៅលើផ្លូវថ្នល់ លោកស្រីមើលឃើញថា នៅមានកម្រិតនៅឡើង ជាពិសេសបញ្ហាការដេញសត្វគោ ឬបណ្តែតបណ្តោយឱ្យសត្វពាហនៈទាំងនោះដើរពាសពេញផ្លូវ និងពេលខ្លះនៅពេលមានគ្រោះថ្នាក់ចរាចរណ៍បែជាទៅចាប់រថយន្តទៅទៀត។

ជាមួយគ្នានេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីសាធារណៈការ និងដឹកជញ្ជូន ដែលបានសហការបានល្អជាមួយនឹងនគរបាលចរាចរណ៍ ក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដូចពេលកន្លងមក មានករណីគ្រោះថ្នាក់រវាងម៉ូតូ និងម៉ូតូ ក៏ដូចជាម៉ូតូ និងគោយន្តជាដើម តែដោយមានផ្សព្វផ្សាយដល់ថ្នាក់មូដ្ឋាន ដូចជាចាប់ល្បឿន មានបិតចំណាំផ្លាត លើគោយន្តផងឃើញថា គ្រោះថ្នាក់ចរាចរណ៍មានការថយចុះច្រើន។ ដើម្បីចូលរួមក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នេះ ខាងរដ្ឋបាលខេត្តនឹងបែងចែកនូវកញ្ចប់ថវិការ១កញ្ចប់ដើម្បីធ្វើការចុះផ្សព្វផ្សាយទៅដល់ទីជនបទឱ្យពលរដ្ឋយល់ដឹងពីច្បាប់ចរាចរណ៍ឱ្យបានច្រើន។

សូមបញ្ចាក់ថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២១ នៅទូទាំងខេត្តបន្ទាយមានជ័យ បានកើតមានឡើងចំនួន ៦៣ករណី ក្នុងនោះមូលហេតុកត្តាមនុស្សមានចំនួន ៦១ករណី, កត្តាយានយន្តមានចំនួន ២ករណី, បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៤៨នាក់ (ស្រី ៦នាក់) របួសធ្ងន់ ៣៨នាក់ (ស្រី ១០នាក់) របួសស្រាល ២០នាក់ (ស្រី៧នាក់) អ្នកចូលរួមគ្រោះថ្នាក់ចំនួន ១១០៦នាក់ មិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចំនួន ៤៥នាក់។

ក្រៅពីនេះ ម៉ូតូខូចខាតធ្ងន់មានចំនួន ៣០គ្រឿង និងខូចខាតស្រាល ២០គ្រឿង រថយន្តតូចខូចខាតធ្ងន់ ១០គ្រឿង និងខូចខាតស្រាល ១៩គ្រឿង, រថយន្តធំខូចខាតធ្ងន់ចំនួន ៦គ្រឿង ខូចខាតស្រាល ១២គ្រឿង និងយានផ្សេងៗខូចស្រាលចំនួន ១១គ្រឿង៕

ដោយ៖ ជា ថន