ព័ត៌មានអន្តរជាតិ

អាណោចអាធ័មណាស់! ស្លាប់២៧នាក់ ដោយសារក្រឡាប់ទូកជនចំណាកស្រុក នៅចន្លោះប្រទេសបារាំង និងអង់គ្លេស

image


បារាំង៖ អាជ្ញាធរបារាំងបាននិយាយថា យ៉ាងហោចណាស់ជនចំណាកស្រុកខ្លួនចំនួន ២៧ នាក់បានស្លាប់ កាលពីថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ពេលជិះទូកឆ្លងពីប្រទេសបារាំង ទៅកាន់ចក្រភពអង់គ្លេស នៅពេលដែលទូករបស់ពួកគេ បានលិច ក្រោយចាកចេញពីកំពង់ផែ Calais ដែលជាគ្រោះមហន្តរាយដ៏សាហាវបំផុត។

ក្រសួងមហាផ្ទៃបារាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាល្បាតបានរកឃើញសព និងមនុស្សដែលបាត់បង់ស្មារតីនៅក្នុងទឹក បន្ទាប់ពីអ្នកនេសាទម្នាក់បានជូនដំណឹងមកអាជ្ញាធរបារាំង។

មនុស្សចំនួន ២៧នាក់បានស្លាប់ បន្ទាប់ពីចេញពីទីក្រុង Dunkirk ភាគខាងកើតនៃកំពង់ផែ Calais ក្នុងទូកមួយដែលមានមនុស្សប្រហែល ៥០នាក់។ អាជ្ញាធរបន្តថា ឧទ្ធម្ភាគចក្រចំនួន ៣គ្រឿង និងទូកចំនួន ៣គ្រឿង បានចូលរួមក្នុងការរុករក។ ការស៊ើបអង្កេត ក៏បានចាប់ផ្ដើមផងដែរ។

នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានបើកកិច្ចប្រជុំវិបត្តិមួយ។ លោកបានថ្លែងថា៖ "ខ្ញុំរន្ធត់ តក់ស្លុត និងសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតនៅឯ សមុទ្រ។"

ចំណែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin ដែលកំពុងធ្វើដំណើរទៅកាន់កន្លែងកើតហេតុ បានសរសេរនៅលើ Twitter ថា៖ "មនុស្សជាច្រើន" បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ ដោយបន្ថែមថា "ឧក្រិដ្ឋកម្មនៃអ្នករត់ពន្ធដែលរៀបចំផ្លូវឆ្លងកាត់ទាំងនេះ មិនទាន់ត្រូវបានគេថ្កោលទោសគ្រប់គ្រាន់ទេ។"

នាយករដ្ឋមន្ត្រី Jean Castex បានសរសេរថា៖ "គ្រោះមហន្តរាយនៅក្នុងសមុទ្រនេះ គឺជាសោកនាដកម្ម។"

"សូមចូលរួមសោកស្ដាយជាមួយនឹងអ្នកបាត់ខ្លួន និងរបួសជាច្រើននាក់ ដែលជាជនរងគ្រោះរបស់អ្នករត់ពន្ធ ដែលកេងចំណេញពីទុក្ខព្រួយ និងទុក្ខសោករបស់ពួកគេ។"

សូមជម្រាបថា វាជាគ្រោះមហន្តរាយដ៏អាក្រក់មួយចាប់តាំងពីឆ្នាំ២០១៨ នៅពេលដែលជនចំណាកស្រុក បានចាប់ផ្តើមប្រើប្រាស់ទូកធំៗដើម្បីឆ្លងកាត់រវាងប្រទេសទាំងពីរ មានការកើនឡើងគួរឱ្យកត់សម្គាល់។ ដោយអង់គ្លេស បានដាក់ចេញនូវវិធានការតឹងរ៉ឹង ជាងបារាំង ដើម្បីបញ្ឈប់ការធ្វើដំណើរនេះ៕