ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង កាត់ទោសប្រហារជីវិតអ្នករត់ពន្ធរឿង "Squid Game”  

image

កូរ៉េខាងជើង៖ បុរសម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានរត់ពន្ធរឿង "Squid Game" របស់ភាគខាងត្បូង ដែលចាក់បញ្ចាំងនៅលើ Netflix តាមរយៈ USB flash drive ពីប្រទេសចិនចូលទៅក្នុងប្រទេសកូរ៉េខាងជើង ត្រូវបានប្រហារជីវិត ដោយការបាញ់សម្លាប់។

សិស្សវិទ្យាល័យម្នាក់ ដែលបានទិញ Flash drive មួយត្រូវជាប់គុកមួយជីវិត ខណៈ ៦ នាក់ផ្សេងទៀតដែលបានមើលវីដេអូនោះ ត្រូវបានឱ្យធ្វើការងារធ្ងន់ ៥ឆ្នាំ។ គ្រូបង្រៀន និងអ្នកគ្រប់គ្រងនៅសាលា ក៏ត្រូវបានបណ្តេញចេញ ឬប្រឈមនឹងការបង្ខំឱ្យធ្វើការនៅក្នុងតំបន់ដាច់ស្រយាលផងដែរ។

កាលពីឆ្នាំមុន កូរ៉េខាងជើង បានអនុម័តច្បាប់ស្តីពី "ការលុបបំបាត់គំនិត និងវប្បធម៌ប្រតិកម្ម" (ERTC) ដែលមានទោសប្រហារជីវិតចំពោះការមើល កាន់កាប់ ឬចែកចាយប្រព័ន្ធ ផ្សព្វផ្សាយពីប្រទេសមូលធននិយម ដូចជាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

អាជ្ញាធរកូរ៉េខាងជើង បានចាប់ផ្តើមឆែកឆេរទីផ្សារដែលមានលក់ USB Flash Drive ផ្សេងទៀត បន្ទាប់ពីសិស្សទាំងនោះ ត្រូវបានចាប់ខ្លួន។ 

សូមជម្រាបថា រឿង Squid Game ត្រូវបានចាត់ទុកជារឿងដ៏ជោគជ័យមួយ ដែលបានទទួលការពេញនិយមនៅលើពិភពលោក៕