សន្តិសុខសង្គម

មន្ត្រីជាន់ខ្ពស់របស់អាជ្ញាធរមីនកម្ពុជា អំពាវនាវដល់ពលរដ្ឋ សូមកុំចូលទៅតំបន់មិនច្បាស់លាស់ ដែល CMAC បានដាក់ជាតំបន់មានហានិភ័យ

image



បាត់ដំបង៖ លោក លី ធុជ ទេសរដ្ឋមន្រ្ដីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ សូមកុំចូលទៅក្នុងតំបន់មិនច្បាស់លាស់ ដែលអង្គភាព CMAC បានដាក់ជាតំបន់មានហានិភ័យ ព្រោះទីនោះមិនមានសុវត្ថិភាពគ្រប់គ្រាន់អាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត គ្រប់ពេលវេលា ហើយបើសិនជាបានឃើញ ឬជួបតំបន់ណា ដែលមានការសង្ស័យពាក់ព័ន្ធនឹងគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីសហការរាយការណ៍បន្តទៅកាន់ CMAC ឱ្យចុះមកសម្អាតផ្ទៃដីទាំងនោះ ចៀសវាងបង្កគ្រោះថ្នាក់នៅថ្ងៃក្រោយ ។

ការអំពាវនាវបែបនេះធ្វើឡើងក្នុងពេលដែលលោក លី ធុជ បានដឹកនាំប្រតិភូចុះបំពេញទស្សនកិច្ចពិនិត្យកិច្ចប្រតិបត្តិការបោសសំអាតមីនរបស់អង្គភាព CMAC កម្ពុជា និងការអប់រំផ្សព្វផ្សាយ តម្លើងផ្ទាំងប៉ាណូអប់រំបញ្ហាមីន ស្ថិតក្នុងភូមិគោករការ ឃុំដូនបារ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយមានការចូលរួមពី លោក Andreas Zurbrugg ឯកអគ្គរដ្ឋទូតរងអូស្រ្ដាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Sonali Dayaratne អនុប្រធានអង្គការ UNDP ប្រចាំប្រទេសកម្ពុជា និងអាជ្ញាធរខេត្តបាត់ដំបងផងដែរ ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានស្នើដល់អាជ្ញាធរមូលដ្ឋានត្រូវជួយអប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់សិស្សានុសិស្ស និងសាធារណៈជនប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទប់ស្កាត់មិនត្រូវឲ្យមានការប្រថុយប្រថាន ឬលេងគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដាច់ខាត ។

អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានស្នើដល់បណ្ដាប្រទេសម្ចាស់ផ្តល់ជំនួយទាំងអស់ឱ្យបន្តជួយបន្ថែមទៀតដល់វិស័យកសិកម្ម ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀត ជាពិសេសការងារបោសសម្អាតមីន ដើម្បីរំដោះយកផ្ទៃដីរងគ្រោះទាំងនោះប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់លើកការងារបង្កបង្កើនផលនិងតាមតម្រូវការផ្សេងៗ ។

សូមបញ្ជាក់ថា គាស់ក្រឡ គឺស្រុកមួយក្នុងចំណោមស្រុក ក្រុងទាំង១៤នៃខេត្ដបាត់ដំបង គឺជាទឹកដីដ៏សែនឈឺចាប់ក្នុងការឆ្លងកាត់សង្គ្រាមរវាងខ្មែរនិងខ្មែរគ្នាឯងនាពេលអតីតកាល និងបានបន្សល់ទុកនូវយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនរាយពេញដី បង្កនូវគ្រោះថ្នាក់ជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋ ។

បច្ចុប្បន្នស្រុកគាស់ក្រឡ បានក្លាយជាទឹកដីមួយមានពណ៌បៃតងដោយដំណាំកសិកម្ម ដោយសារតែការយកចិត្តទុកដាក់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាល មានកិច្ចសហការជាមួយដៃគូរនានា ដើម្បីសម្អាតផ្ទៃដីគ្រាប់មីន ដែលនេះគឺជាការផ្លាស់ប្ដូរជាប្រវត្ដិសាស្រ្ដមួយរបស់ប្រទេសកម្ពុជា ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ៕

ដោយ៖ ឡាច សុគន្ធាវី