ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ អំពាវនាវឱ្យក្រសួងថាមពលបញ្ចុះតម្លៃ ប្រេងម៉ាស៊ូត

image


ថៃ៖ នាយករដ្ឋមន្ត្រីថៃ បានបញ្ជាឱ្យក្រសួងថាមពល ពន្លឿនវិធានការកាត់បន្ថយតម្លៃប្រេងម៉ាស៊ូត។ យោងតាមរបាយការណ៍របស់ Bangkok Post លោក ប្រាយុទ្ធ ចាន់អូចា បានជួបជាមួយសមាជិកសភាជាច្រើនរូប កាលពីម្សិលមិញ ដើម្បីពិភាក្សាអំពីវិបត្តិដែលកំពុងកើតមាន ដែលនាំឱ្យអ្នកបើកបររថយន្តដឹកទំនិញទូទាំងប្រទេសចេញមកតវ៉ា។

ក្រសួងថាមពលថៃ បានបញ្ជាក់ថា វិធានការនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅខែក្រោយ ប៉ុន្តែនាយករដ្ឋមន្ត្រីចង់ឱ្យមានសកម្មភាពលឿនជាងមុន។ លោកក៏បានអំពាវនាវឱ្យបញ្ចុះតម្លៃប្រេងម៉ាស៊ូតមកនៅក្រោម ៣០បាតក្នុងមួយលីត្រ។ សំណើនេះ បង្ហាញពីការសម្រុះសម្រួលរបស់រដ្ឋាភិបាល បន្ទាប់ពីមន្ត្រីពីដំបូង បានបដិសេធ មិនព្រមចុះ តាមការទាមទាររបស់អ្នកបើកឡានដឹកទំនិញឡើយ។

អ្នកបើកបរ បានអំពាវនាវ ឱ្យទម្លាក់តម្លៃមកនៅត្រឹម ២៥បាត ក្នុងមួយលីត្រ។ អ្នកបើកបររថយន្តដឹកទំនិញទូទាំងប្រទេសថៃ ដែលគាំទ្រដោយសហព័ន្ធដឹកជញ្ជូនផ្លូវគោកនៃប្រទេសថៃ បាននិងកំពុងគំរាមកំហែងធ្វើកូដកម្ម ប្រសិនបើការទាមទាររបស់ពួកគេមិនត្រូវបានបំពេញ។

កាលពីសប្តាហ៍មុនក្បួនរថយន្តដឹកទំនិញ បានបើកមកក្រសួង ថាមពល ប៉ុន្តែរដ្ឋមន្ត្រីក្រសួងថាមពលលោក Supattanapong Punmeechaow បានថ្លែងថា ការទម្លាក់តម្លៃមកត្រឹម ២៥ បាតក្នុងមួយលីត្រ គឺមិនអាចទៅរួចនោះទេ។ លោក Supattanapong និយាយថា រដ្ឋាភិបាល នឹងបន្តជួយចេញ២បាត ក្នុងមួយលីត្រ។

កាសែតបាងកកប៉ុស្តិ៍រាយការណ៍ថា តម្លៃប្រេងម៉ាស៊ូតជាមធ្យមគឺ ២៨ បាតក្នុងមួយលីត្រគិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១៕