សន្តិសុខសង្គម

អាណិតណាស់! សន្តិសុខម្នាក់ ត្រូវរថយន្តបុកខ្ទេចភ្លៅ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ បុករះ នៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង

image


ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់ ត្រូវបានរថយន្តបុករយះចំភ្លៅខ្ទេច រងរបួសធ្ងន់ រហូតរថយន្តសាម៉ុយ មិនហ៊ានទទួល តែត្រូវបានរថយន្តមួយគ្រឿងទៀត ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ១០:៥០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅផ្លូវ១៦៣ ចន្លោះផ្លូវលេខ៣៨៦ និង៣៩០ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុខ្លួនបានអង្គុយលើកង់បីឥណ្ឌារង់ចាំម៉ូយ ខណៈនោះក៏ប្រទះឃើញរថយន្តមួយគ្រឿងម៉ាក កាមរីហាយប្រ៊ីដ ពណ៌ទឹកប្រាក់ បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងបើកបរក្នុងល្បឿនលឿន បុកម៉ូតូមួយគ្រឿងខ្ទាតជាង ៣០ម៉ែត្រ បណ្តាលឱ្យម្ចាស់ម៉ូតូជាសន្តិសុខម្នាក់ រងរបួសធ្ងន់ខ្ទេចភ្លៅ។ ក្រោយមកត្រូវបានរថយន្តសាម៉ុយបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ។ រីឯរថយន្តបន្តល្បឿនបុករះរថយន្តចំនួន ៣គ្រឿងបន្ថែមទៀត ចំណែកម្ចាស់រថយន្ត ក្រោយបង្កហេតុ បានព្យាយាមរត់គេច ប៉ុន្តែត្រូវប្រជាពលរដ្ឋឃាត់បាននៅនឹងកន្លែង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនម្ចាស់រថយន្តទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសួរនាំ។ ចំណែកសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោក បានចុះមកធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់៕

ដោយ៖ រដ្ឋ រង្សី