សុខភាព

សូមប្រយ័ត្ន! បេះដូងលោតញាប់ អាចធ្វើឲ្យដាច់សរសៃឈាមខួរក្បាល

image

សុខភាព៖ ជាទូទៅ ក្នុងពេលសម្រាក ចង្វាក់បេះដូងមនុស្សធំមានសុខភាពល្អ គឺលោតចាប់ពី ៦០-១០០ដង/នាទី។ បើបេះដូងមានអត្រានៃការលោតច្រើនជាង ១០០ដង/នាទី នៅពេលសម្រាក មានន័យថា បេះដូងយើងលោតញាប់ខុសប្រក្រតីហើយ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ចាន់ រស្មី។


ក្នុងករណីបេះដូងដើរញាប់ អាចនាំឲ្យរំខានដល់មុខងារបេះដូងយ៉ាងធ្ងន់ធ្ងរ បង្កើនការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូងស្លាប់បាន តែនៅពេលខ្លះ បេះដូងដើរញាប់មិនបង្កជារោគសញ្ញា ឬផលវិបាកអ្វីឡើយ ហើយការដែលបេះលោតញាប់អាចបណ្ដាលមកពី៖
- ជំងឺបេះដូង
– ញ៉ាំគ្រឿងស្រវឹងច្រើន
– ញ៉ាំជាតិកាហ្វេអ៊ីនច្រើន
– ប្រើប្រាស់ថ្នាំ
- មានបញ្ហាផ្លូវចិត្តដូចជា ស្ត្រេស ឬថប់បារម្មណ៍
– កង្វះគ្រាប់ឈាម
– អាយុ ឬគ្រួសារមានប្រវត្តិមានបញ្ហាបេះដូងដើរញាប់។


លើសពីនេះ នៅមានបញ្ហាច្រើនទៀត ដែលដាក់សម្ពាធលើបេះដូង ឬការខូចជាលិកាបេះដូង ជាហេតុធ្វើឲ្យបេះដូងលោតញាប់។


វេជ្ជបណ្ឌិតរូបនេះបន្តថា បេះដូងលោតញាប់ អាចកើតឡើងនៅពេលដែលមានអ្វីមួយខុសធម្មតាក្នុងបេះដូង ដែលនាំឲ្យចរន្តអគ្គិសនីរត់លឿនពេក (បញ្ជាក់៖ ចង្វាក់បេះដូង ត្រូវបានគ្រប់គ្រងដោយចរន្តអគ្គិសនីជាច្រើនរត់នៅក្នុងជាលិកាបេះដូង)។


ដូចនេះហើយ មានតែការផ្លាស់ប្ដូររបៀបរស់នៅ ឬកាទទួលបានការព្យាបាលជំងឺ ទើបអាចកាត់បន្ថយ និងគ្រប់គ្រងបញ្ហាបេះដូងដើរញាប់ ឬគ្រប់គ្រងជំងឺដែលបណ្ដាលឲ្យបេះដូងលោតញាប់នេះ៕


ប្រភព៖ www.hellokrupet.com