សង្គម

ផ្លូវបេតុង១ខ្សែ ដែលស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ នឹងស្ថាបនារួចរាល់នៅចុងឆ្នាំនេះ ដែលនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ

image

អត្ថបទ៖ ប៉ៃ សុឃីម


ព្រះសីហនុ៖ ប្រជាពលរដ្ឋស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ នឹងទទួលបានផ្លូវ បេតុងថ្មីមួយខ្សែសម្រាប់ធ្វើដំណើរ មានភាពងាយស្រួល ក្នុងពេលឆាប់ៗខាងមុខនេះ។
នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលការស្ថាបនាផ្លូវ បេតុងមួយខ្សែប្រវែងជាង ២គីឡូម៉ែត្រទទឹងជាង ១០ ម៉ែត្រ ដែលមានទីតាំងស្ថិតនៅខាងមុខផ្លូវបំបែកគណបក្សប្រជាជនខេត្តព្រះសីហនុឆ្ពោះទៅ សាលាយុត្តិធម៌ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ជូនប្រជាពលរដ្ឋធ្វើដំណើរមានភាពងាយស្រួល។


លោកអភិបាលខេត្តព្រះសីហនុ បានលើកឡើងថាដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រកបអាជីវកម្មផ្សេងៗ ដោយកន្លងមកផ្លូវនេះគឺជាផ្លូវគ្រួសក្រហម មានការខូចដាច់ ពិបាកក្នុងការធ្វើដំណើរទើបរដ្ឋបាលខេត្តកសាងស្ថាបនាផ្លូវនេះឡើង ដែលនឹងរួចរាល់នៅ ដំណាច់ចុងឆ្នាំ ២០២១ខាងមុខ។


លោកអភិបាលខេត្តក៏បាននាំឲ្យក្រុមបច្ចេកទេសត្រូវអនុវត្តការស្ថាបនាទៅតាម ស្តង់ដារនិងមានគុណភាពសម្រាប់ការប្រើប្រាស់បានយូរ ហើយក្រោយការស្ថាបនារួចរាល់សំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវចូលរួម ថែទាំគឺមិនត្រូវ ដឹកលើស ទម្ងន់កំណត់ ដែលធ្វើឲ្យផ្លូវឆាប់ខូច ទាំងអស់នេះយើងត្រូវចូលរួមទាំងអស់គ្នាទើបធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលស្ថាបនានៅក្នុងក្រុង នៃខេត្តព្រះសីហនុ ប្រើប្រាស់បានយូរអង្វែង៕