សង្គម

ប្រជាកសិករមានទីផ្សារល្អ ខណៈអគារប្រមូលផ្តុំកសិផលផ្តើមបង្ហាញវត្តមាន

image

កោះកុង៖ អគារប្រមូលផ្តុំកសិផល ផ្តើមបង្ហាញវត្តមាននៅគ្រប់ក្រុង-ស្រុក ក្នុងខេត្តកោះកុង ដើម្បីទីផ្សារដល់កសិករ។ អគារប្រមូលផ្តុំកសិផលនេះបានបង្កើតឡើង ក្រោយពីកម្មវិធីផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចុះរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រង និងប្រើប្រាស់អគារប្រមូលផ្តុំកសិផលរបស់កម្មវិធី ASPIRE នៅតាមមូលដ្ឋាន ដើម្បីឲ្យកសិករយល់ពីវត្ថុបំណង នៃការសាងសង់អាគារប្រមូលផ្តុំកសិផល-ប្រភពថវិការ នៃការសាងសង់អាគារ និងការគ្រប់គ្រងប្រើប្រាស់ មួយវិញទៀតដើម្បីអោយការគ្រប់គ្រង និងប្រើប្រាស់អាគារនេះប្រកបដោយនិរន្តភាព និងប្រសិទ្ធភាពខ្ពស់។


លោក ណៃ សុផុន ទីប្រឹក្សាររបស់កម្មវិធី ASPIRE លើកឡើងថា ការបង្កើតអគារប្រមូលផ្តុំកសិផល គឺដើម្បីបម្រើផលប្រយោជន៍ដល់កសិករបណ្តុំ ជាសមាជិកបណ្តុំកសិកម្មដែលបានបង្កើតឡើងដោយកម្មវិធី ASPIRE ក្នុងរយៈពេលជាង២ឆ្នាំមកនេះ។


លោកបន្តថា អគារប្រមូលផ្តុំកសិផលនេះមានផលប្រយោជន៍ាសំខាន់ណាស់ ព្រោះវាគឺជាកន្លែងស្តុកកសិផល ក្នុងការបញ្ចេញផលិតផលបន្លែរបស់កសករបណ្តុំ ទៅរកទីផ្សារ។ មួយវិញទៀត គ្រាដែលពួកគាត់មានរាំងស្ទះផ្នែកទីផ្សារ កសិករទាំងអស់ អាចបញ្ជូនផលិតផលកសិផលរបស់គាត់ មកកាន់ទីតាំងអគារប្រមូលផ្តុំកសិផលនេះបាននៅតាមមូលដ្ឋានរៀងៗខ្លួន។
ការអះអាងបែបនេះ អាចធ្វើទៅបានដោយផ្អែកលើ មូលដ្ឋានទីផ្សារបណ្តុំ ដែលកម្មវិធីបានបង្កើតឡើង ដោយមានគណៈកម្មការ និងសមាជិក ផ្នែកលក់និងប្រមូលទិញ មានកិច្ចសន្យាច្បាស់លាស់មិនឲ្យមានការរាំងស្ទះ ដល់ការផលិតរបស់កសិករ។


ទីប្រឹក្សាសម្របសម្រួលផ្នែកទីផ្សាររបស់កម្មវិធី ASPIRE អះអាងថា បន្ទាប់ពីបន្ត្រីជំនាញបានចុះសម្របសម្រួល និងធ្វើកិច្ចសន្យា ផលិតនិងផ្គត់ផ្គង់ផ្នែកទីផ្សារ ជាមួយក្រុមឈ្មួញកណ្តាល មួយរយៈកាលមកនេះ ឃើញថា កំពុងមានដំណើរការល្អប្រសើរក្នុងការប្រមូលទិញពីឈ្មួញកណ្តាល ខណៈកសិករបានបង្កើនការផលិតតែលើប្រភេទបន្លែសុវត្ថិភាព។
បើតាមមន្ត្រីជំនាញនៃមន្ទីរកសិកម្ម អះអាងថា ទន្ទឹមនឹងនេះដែរ ក៏មានកសិករម្នាក់ នៅស្រុកស្រែអំបិល គឺលោក នី ប៊ុនថា ដែលសមាជិកកសិករបណ្តុំ គ្រាន់តែដាំដុះបន្លែ លើទឹកក្នុងផ្ទះសំណាញ់សោះ ចំណេញប្រាក់ជាង ៣លានរៀល ដំណាក់កាលទីមួយ។


លោក នី ប៊ុនថា ជាកសិករធ្លាប់សិក្សា និងមានបទពីសោធន៍ លើដំណាំនេះ បានរៀបរាប់ប្រាប់ពីដំណើរការដាំដុះក្នុងជំហ៊ានទី១នេះថា លោកបានដាក់ដាំបន្លែលើទឹកក្នុងផ្ទះសំណាញ់ ដែលជាប្រភេទស្លឹក មានច្រើនប្រភេទចម្រុះគ្នាចំនួន ២៨៦៤គុម្ព រួមមាន ស្ពៃស សាលាដខ្មែរ សា លាដស្រួយ ខាត់ណាដើម និងសាលាដបរទេសដូចជា៖ ដហ្គ្រីនអកលីហ្វ (Green Oak Leaf) រ៉េតអកលីហ្វ (Red Oak Leaf) ហ្គ្រីនកូរ៉ល (Green Coral) រ៉េតរ៉ូម៉េន (Red Romaine) និង អាយស្បឺក (Iceberg) ជាដើម៕