សន្តិសុខសង្គម

ចាប់ខ្លួនជនសង្ស័យចំនួន ៨នាក់ ពាក់ព័ន្ធករណីចោរកម្ម នៅកណ្តាលរាជធានីភ្នំពេញ

image

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីមួយក្រុមមានគ្នាចំនួន ៨នាក់ ត្រូវបានកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ សហការជាមួយនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលមូលដ្ឋានខណ្ឌដូនពេញ ចាប់ខ្លួន និងដកហូតសម្ភារសម្រាប់ធ្វើសកម្មភាពមួយចំនួនធំ ដូចជា កាំបិត ដាវ និងឧបករណ៍ កាច់កម៉ូតូ ជាដើម។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់មួយកន្លែង ដែលគេនិយមហៅថា ផ្ទះសំណាក់គេចពន្ធ ស្ថិតនៅផ្ទះលេខ៩៨ ផ្លូវលេខ៨១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


យោងតាមព័ត៌មានពីមន្ត្រីជំនាញ បានឱ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប ទីតាំង សម្ងំលាក់ខ្លួនរបស់ក្រុមចោរនេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតច្បាស់លាស់ រហូតដល់ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលមូលដ្ឋានខណ្ឌដូនពេញ ចុះឡោមព័ទ្ធទីតាំងផ្ទះសំណាក់ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៨នាក់ (ស្រី២នាក់) ដកហូតវត្ថុតាងធ្វើសកម្មភាពមួយចំនួនធំ ដូចជាកាំបិត ដាវ និងឧបករណ៍កាច់កម៉ូតូ ជាដើម។


មន្ត្រីជំនាញបានបញ្ជាក់ថា ក្រុមជនសង្ស័យធ្វើសកម្មភាពចម្រុះ មានលួចទាំងខ្សែភ្លើង កង់ ម៉ូតូ ថែមទាំងពេលខ្លះធ្វើសកម្មភាពកាប់ប្លន់ផងដែរ នៅពេលផ្លូវងងឹតស្ងាត់។ ក្រោយបញ្ចប់ប្រតិបត្តិការនគរបាលជំនាញបានប្រគល់ក្រុមជនសង្ស័យទៅឱ្យនគរបាលមូលដ្ឋានខណ្ឌដូនពេញ ដើម្បីបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕



ដោយ៖ ឌីយ៉ាម៉ង់