សន្តិសុខសង្គម

ករណីបង្ខាំងជនជាតិវៀតណាម១៣នាក់ នៅខេត្តស្វាយរៀង សមត្ថកិច្ចកម្ពុជា ប្រគល់ជនរងគ្រោះទៅឱ្យសមត្ថកិច្ចវៀតណាម

image



ស្វាយរៀង៖ ដោយបានទទួលពាក្យបណ្ដឹងពីឪពុកម្ដាយរបស់ជនរងគ្រោះ បានប្ដឹងទៅកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានចុះទៅដល់កាស៊ីណូ ម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយមានការសហការជាមួយក្រុមហ៊ុនកាស៊ីណូក៏ បានចុះទៅដល់បន្ទប់ រំដោះជនរងគ្រោះ ដែលត្រូវបានគេបង្ខាំងទុកចំនួន ១៣នាក់ (ស្រី ២នាក់) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

យោងតាមការឱ្យដឹងពីកងរាជធាវុធហត្ថរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងប្រតិបត្តិការរំដោះជនរងគ្រោះនោះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបញ្ជាឱ្យកម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត និងដោយមានការដឹកនាំសម្របសម្រួលដោយ លោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង។

លុះដល់រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថ បានសហការជាមួយស្នងការនគរបាលខេត្តស្វាយរៀង បានប្រគល់ជនរងគ្រោះចំនួន ១១នាក់ (ស្រី ២នាក់) ទៅឱ្យកងទ័ពការពារព្រំដែនខេត្តតៃនិញ នៅចំណុចច្រកទ្វារអន្តរជាតិបាវិត ម៉ុកបាយ នៅចំណុចបង្គាលព្រំដែនលេខ១៧១។ ដោយឡែកជនជាតិវៀតណាមចំនួន ២នាក់(ប្រុស) ជាជនបរទេសអន្តោប្រវេសន៍មានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ស្របច្បាប់ បានធ្វើការអប់រំ និងប្រគល់ឱ្យឪពុកម្តាយយកវិលត្រឡប់ទៅលំនៅដ្ឋាន នៅរាជធានីភ្នំពេញវិញ។ ចំពោះជនល្មើស មិនត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណឡើយ៕