សង្កាត់ចំនួនពីរ ក្នុងក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ រងការលិចលង់ ដោយសារទឹកហូរមិនទាន់ហៀរចេញពីស្ទឹង
កំពង់ស្ពឺ៖ សង្កាត់ចំនួន២គឺ សង្កាត់កណ្តោលដុំ និងសង្កាត់ស្វាយក្រវ៉ាន់ នៃក្រុងច្បារមន ខេត្តកំពង់ស្ពឺ កំពុងរងការលិចលង់ដោយសារជំនន់ទឹកភ្លៀង ខណៈទឹកក្នុងស្ទឹងព្រែកត្នោត កំពុងហក់ឡើងខ្លាំងគួរឱ្យព្រួយបារម្ភ គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។ ការលិចលង់នេះ ដោយសារទឹកនៅក្នុងស្ទឹងហូរមិនទាន់ ហើយបានច្រាលចេញពីពោះស្ទឹងមកខាងក្រៅ ក៏បង្កជាការជន់លិចដូចនេះ។
លោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន បានឱ្យដឹងថា ការលិចនេះមិនមែនដោយសារតែជំនន់ទឹកភ្លៀងនោះទេ តែដោយសារការបើកទំនប់អាងមួយកន្លែង ហូរចូលក្នុងស្ទឹងព្រែកត្នោត និងដោយសារហូរមិនទាន់ ក៏បានច្រាលចេញពីពោះស្ទឹងមកខាងក្រៅ ក៏បង្កជាការជន់លិចដូចនេះតែម្តង។
ចំពោះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ មិនមានបញ្ហាចោទខ្លាំងនោះទេ តែអ្វីជាការព្រួយបារម្ភនោះគឺ ផលដំណាំរបស់ពលរដ្ឋទៅវិញទេ ដែលគិតមកទល់ថ្ងៃនេះ កំពុងលិចលង់បាត់ទៅក្នុងទឹកច្រើនថ្ងៃមកហើយ។
ប្រសិនជាការលិចលង់នេះនៅតែអូសបន្លាយទៀតនោះ ពិតជាត្រូវប្រឈមនឹងការខូចខាតអស់ជាក់ជាមិនខានឡើយ។ ទោះយ៉ាងនេះក៏ដោយ អាជ្ញាធរក្រុងរួមជាមួយមន្ទីរជំនាញពាក់ព័ន្ធ កំពុងរិះរកវិធីដើម្បីជួយរំដោះដំណាំទាំងនោះឱ្យរួចផុតពីជំនន់អូសបន្លាយនេះ។
សូមបញ្ជាក់ថា ក្រោយទទួលបានភ្លៀងមួយមេធំកាលពីពេលកន្លងមកថ្មីៗនេះ ស្រុក-ក្រុង មួយចំនួននៃខេត្តកំពង់ស្ពឺបានរងការលិចលង់ពីទំនប់អាងមួយកន្លែង ដែលអាជ្ញាធរត្រូវបង្ខំចិត្តបើកបង្ហូរចេញ ព្រោះតែកម្រិតទឹកក្នុងអាងលើសពីសមត្ថភាពផ្ទុកទឹក បើមិនបើកទេទំនប់នោះអាចនឹងបាក់បង្កឱ្យរងផលប៉ះពាល់ធ្ងន់ធ្ងរមិនខាន។
ក្រោយបើកទំនប់មកស្ថានភាពជំនន់ក្នុងអាងមួយប្រាវនេះក៏បានធូរស្រាលឡើងវិញ តែសម្រុងទឹកពីផ្នែកខាងលើនៃស្ទឹងព្រែកត្នោតបានហូរធ្លាក់មកខ្លាំង ធ្វើឱ្យពោះស្ទឹងព្រែកត្នោតហក់ឡើងខ្លាំង ហើយក៏កំពុងធ្វើឱ្យខណ្ឌដង្កោ នៃរាជធានីភ្នំពេញ កំពុងរកការគំរាមកំហែង ហើយអាជ្ញាធរ បាននិងកំពុងប្រុងជើងការក្នុងការជួយអន្តរាគមន៍ដល់ពលរដ្ឋដោយជំនន់នេះផងដែរ៕
អត្ថបទ៖ ប៊ុត សារុន








