សង្គម

អភិបាលខេត្ត ស្នើសុំឲ្យក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ពន្លឿនការស្ថាបនា

image


ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ បានស្នើសុំឲ្យក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ស្ថាបនាឲ្យបានលឿនជាងនេះបន្តិច ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានស្នើសុំបែបនេះ នៅក្នុងឱកាសជួបប្រជុំជាមួយក្រុមការងារគណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវជាតិលេខ៥ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ នៅសាលាខេត្តពោធិ៍សាត់។

លោក ជាវ តាយ បានលើកឡើងថា “ការស្ថាបនាផ្លូវជាតិលេខ៥ សព្វថ្ងៃនេះ យើងពិនិត្យឃើញថា កំណាត់ផ្លូវក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ហាក់បីដូចជាមានការយឺតយ៉ាវជាងគេបន្តិច មានកន្លែងលំបាកច្រើន តើកត្តាទាំងនេះបណ្ដាលមកពីអ្វី?។”

ជាការឆ្លើយតប ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជម្រាបជូនថា ការយឺតយ៉ាវដោយសាររដូវនេះ ជារដូវភ្លៀងធ្លាក់មិនបានធ្វើពេញលេញ។
ម្យ៉ាងទៀតចំណាយពេលសិក្សាការធ្វើផ្លូវវាងក្រុង រកទីតាំងសាងសង់ស្ថានីយថ្លឹងរថយន្ដ ការស្ថាបនាស្ពានអាកាសឆ្លងស្ទឹងពោធិ៍សាត់ ការដោះស្រាយផលប៉ះពាល់ និងការរកទីតាំងសាងសង់រង្វង់មូលថ្មី ព្រោះរង្វង់មូលនៅចំណុចផ្លូវបំបែកចូលបូជនីយដ្ឋានឧកញ៉ាឃ្លាំងមឿង មិនអំណោយផលនោះទេ។

ក្រុមការងារអន្ដរក្រសួង បន្តទៀតថា ទោះយ៉ាងណាការស្ថាបនាផ្លូវជាតិលេខ៥ កំណាត់ផ្លូវក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់នេះ យ៉ាងយូរខែមករាឆ្នាំ២០២២ខាងមុខនេះ នឹងបានធ្វើចរាចរណ៍ស្រួលបួលហើយ។

លោក ជាវ តាយ មានប្រសាសន៍ថា ចំពោះការស្ថាបនារង្វង់មូល គួរតែធ្វើនៅដើមផ្លូវ និងចុងផ្លូវបំបែកវាងក្រុង ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកទស្សនាសមិទ្ធផលនានា ឬស្នាក់នៅ និងទទូលអាហារតាមភោជនីយដ្ឋាន និងអាហារដ្ឋាននានាក្នុងខេត្ត ដើម្បីកុំឲ្យបាត់បង់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត ពិនិត្យឃើញថា គ្រឿងចក្ររបស់ក្រុមហ៊ុន មានតិចពេកទើបការស្ថាបនាផ្លូវមានការយឺតយ៉ាវ។ ដូច្នេះសូមក្រុមការងារអន្តរក្រសួង មេត្តាជួយជម្រុញឲ្យក្រុមហ៊ុនយកគ្រឿងចក្រមកបន្ថែម ដើម្បីពន្លឿនការស្ថាបនាផ្លូវជាតិលេខ៥ កំណាត់ផ្លូវក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ឲ្យបានឆាប់រួចរាល់មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕

ដោយសេង ប៊ុនធឿន