សង្គម

ក្រសួងសាធារណការ កំពុងពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់ ក្នុងគោលដៅទប់ស្កាត់ការបង្ហូរទឹកកខ្វក់ឱ្យបានល្អប្រសើរ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ

image


ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងឋិតក្នុងដំណាក់កាលរៀបចំសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ជាលក្ខណៈផ្ទៃក្នុង ដោយចាប់ផ្តើមជជែកពិភាក្សានៅក្នុងក្រុមបច្ចេកទេសក្រសួង ក្រោមកិច្ចសហការពីទីភ្នាក់ងារសហប្រតិបត្តិការជាតិជប៉ុន(JICA) ហើយបន្ទាប់មក នឹងបន្តរៀបចំប្រជុំ និងទទួលធាតុចូលពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

ថ្លែងក្នុងកិច្ចប្រជុំនៅថ្ងៃទី១៩ ខែតុលា លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា អង្គប្រជុំ បានពិភាក្សារិះរកនិតិវិធីពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់នេះ ឱ្យមានសន្ទុះទៅមុខដោយរលូន ឆាប់លេចចេញរូបរាងប្រកបដោយភាពស៊ីសង្វាក់ ដោយរំពឹងថា សេចក្តីព្រាងច្បាប់នេះ នឹងចូលរួមចំណែកក្នុងការទប់ស្កាត់ការបង្ហូរទឹកកខ្វក់ឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ស្របពេលសន្ទុះនៃការ អភិវឌ្ឍ មានការកើនឡើងខ្លាំងផងដែរ។

លោក ប៉ាល់ ចន្ទតារា បានឱ្យដឹងបន្ថែមថា បច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវរៀបចំធ្វើយ៉ាងណាឱ្យមានលក្ខណៈអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដូចបណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួន ដើម្បីគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធលូឱ្យបានល្អប្រសើរ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា៕