សង្គម

ក្រសួងរៀបចំដែនដី ត្រួតពិនិត្យវាយតម្លៃគុណភាពផ្លូវទាំង ៣៤ខ្សែ មុននឹងប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ គ្រប់គ្រងបន្ត

image

អត្ថបទ៖ ប៉ៃ សុឃីម


ព្រះសីហនុ៖ លោក លី រស្មី អនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និង លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការ ចុះពិនិត្យការស្ថាបនាផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ មុននឹងប្រគល់ជូនរដ្ឋបាល ខេត្តព្រះសីហនុ គ្រប់គ្រងបន្ត នៅព្រឹកថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០២១ នេះ។

លោក លី រស្មី បានលើកឡើងថា ការខិតខំកស្ថាបនាផ្លូវរបស់ក្រុមហ៊ុន និងអង្គភាពនីមួយៗមានការសហការការទទួលខុសត្រូវនិងទទួលបានសមទ្ធិផលល្អដូចថ្ងៃនេះ ទោះបីជួបប្រទះការរីករាលដាលនៃបរិបទជំងឺកូវីដ-១៩ ក៏ការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុទទួលបានជោគជ័យ។

ក្នុងឱកាសនោះដែរលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន និងអង្គភាពដែលបាន ស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុទាំងអស់ដោយអនុវត្ត ស្របតាមបទដ្ឋានលក្ខណបច្ចេកទេស និងបន្តត្រួតពិនិត្យអំពីគុណភាពមុននឹងផ្ទេរមកឲ្យរដ្ឋបាលខេត្តព្រះសីហនុគ្រប់គ្រងបន្ត វិញ។ លោកថាព្រោះផ្លូវ ៣៤ខ្សែនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលក្រុមហ៊ុន និងអង្គភាព ដែលបានស្ថាបនាបញ្ចប់ទាំងស្រុង។


ទន្ទឹមនឹងនេះលោកអភិបាលរងខេត្ត បានសំណូមពរឲ្យក្រុមការងារចុះពិនិត្យវាយតម្លៃនៃការខូចខាត និង កន្លែងខ្វះខាតដែលនៅសេសសល់ ដើម្បីឲ្យក្រុមហ៊ុន និងអង្គភាពទទួលកាស្ថាបនាផ្លូវ ទាំងអស់ ធ្វើការជួសជុលឲ្យមានគុណភាព ១០០ភាគរយ ហើយម្យ៉ាងទៀតខេត្តព្រះសីហនុ នឹងត្រូវបើកទទួលភ្ញៀវទេសចរ និងបើកសេដ្ឋកិច្ចសង្គមឡើងវិញនៅចុងឆ្នាំ២០២១ខាងមុខនេះ ដែលខេត្តព្រះសីហនុ នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំវេទិកាអាស៊ាននៅខែមករា ឆ្នាំ២០២២ និងបន្តបើកកិច្ចប្រជុំកំពូលផ្សេងៗទៀតនៅពេលខាងមុខ៕