សង្គម

រថយន្តដឹកលើសទម្ងន់កំណត់ជាង ៥៧ម៉ឺនគ្រឿង ត្រូវបានក្រុមការងារ ក្រសួងសាធារណការ ឃាត់បានក្នុងរយៈពេល៩ខែឆ្នាំនេះ

image

អត្ថបទ៖ គិន ច័ន្ទពុទ្ធិ


ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា យានយន្តដឹកលើស ទម្ងន់កម្រិតកំណត់ចំនួន ៥៧៨.១០៣ គ្រឿង ដែលក្នុងនោះ មានយានយន្តផ្ទុកលើស ក្នុងកម្រិតអនុគ្រោះចំនួន ៥៧៥.៨៥៦ គ្រឿង និងយានយន្តលើសទម្ងន់កម្រិតកំណត់
ដែលបានពិន័យមានចំនួន ២.២៤៧ គ្រឿង ដែលរួមទាំងយានយន្តដែលឃាត់ទុកចំនួន ២២៩គ្រឿង។


នេះបើយោងតាមលោក សេង ឈួន ប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់ កម្រិត កំណត់ដែលសម្រេចបានក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២១ និងលើកទិសដៅបន្ត កាលពីពេលថ្មីៗនេះ។


លោក សេង ឈួន បញ្ជាក់ដែរថា ជាទិសដៅបន្តគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើស ទម្ងន់កម្រិត កំណត់ នឹងបន្តផ្សព្វផ្សាយ និងពន្យល់ណែនាំដល់ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ដេប៉ូខ្សាច់ ថ្ម និងសាធារណជនទាំងអស់ឱ្យបានដឹងកាន់តែទូលំទូលាយ អំពីបទ
ដ្ឋានច្បាប់នានាដែលពាក់ព័ន្ធការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជាពិសេសច្បាប់ស្តីពីផ្លូវថ្នល់ត្រង់
មាត្រា២៦ និងមាត្រា៦០ និងសេចក្ដីជូនដំណឹងស្តីពីការពង្រឹងវិធានការបន្ថែមចំពោះយានយន្តធនធំ ។


គួរបញ្ជាក់ថា យោងតាមមាត្រា៦០នៃច្បាប់ស្តីពីផ្លូវថ្នល់បានកំណត់ថា អ្នកប្រើប្រាស់យាន
យន្តដឹកជញ្ជូនធុនធ្ងន់ដែលដឹកទំនិញលើផ្លូវថ្នល់មិនចូលថ្លឹងនៅស្ថានីយជញ្ជីងតាមបណ្តាញផ្លូវនោះទេ នឹងត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥០ម៉ឺនរៀល ខណៈផ្ទុកទម្ងន់លើសពី ២០ភាគរយនៃទម្ងន់កម្រិត
កំណត់ និងត្រូវឱ្យរើទំនិញចេញ និងឃាត់ទុកចំនួន ១ឆ្នាំ និងពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៣០ម៉ឺនរៀល ក្នុងទម្ងន់១តោនព្រមទាំងដកបណ្ណបើកបរ និងព្យួរទុករយៈពេល២ឆ្នាំ៕