មន្ត្រីជំនាញសាធារណការខេត្តបាត់ដំបង អំពាវនាវដល់អ្នកបើកបរលើផ្លូវល្បឿនលឿន (Highway) ត្រូវមើលគំនូស និងស្លាកសញ្ញាចរាចរណ៍ ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍
បាត់ដំបង៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង លោក ព្រួញ រិទ្ធថា បានអំពាវនាវដល់អ្នកបើកបរលើផ្លូវល្បឿនលឿន (Highway) ដែលទើបតែបើកឱ្យប្រើ ប្រាស់ បន្ទាប់ពីបានស្ថាបនារួច សូមមានការប្រុងប្រយ័ត្ន ត្រូវមើលគំនូសសញ្ញា និងស្លាក សញ្ញា ចរាចរណ៍នៅតាមដងផ្លូវឱ្យបានច្បាស់លាស់ ដើម្បីបញ្ជៀសបាននូវហានិភ័យ ផ្សេងៗ ខណៈកំណាត់ផ្លូវមួយខ្សែនេះ មានកើតគ្រោះថ្នាក់ចរាចរណ៍នៅត្រង់ចំណុចប្រសព្វ ផ្លូវនេះ បណ្តាលឱ្យមានមនុស្សស្លាប់ និងខូចខាតទ្រព្យសម្បត្តិជាបន្តបន្ទាប់ ។
ការអំពាវនាវនេះ ធ្វើឡើងក្នុងពេលដែលមន្ត្រីជំនាញរបស់មន្ទីរសាធារណការ និងដឹក ជញ្ជូន ខេត្តបាត់ដំបង សហការជាមួយការិយាល័យនគរបាលចរាចណ៍ផ្លូវគោកខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-បន្ទាយមានជ័យ) ត្រង់ចំណុចផ្លូវវាងក្រុង (Highway)មាន៦ទីតាំងផ្សេងៗគ្នាត្រង់ផ្លូវបំបែកជា៤ ដែលជាចំណុចប្រសព្វធ្លាប់កើតមានគ្រោះថ្នាក់ចរាចរណ៍ជារឿយៗ ស្ថិតក្នុងស្រុកសង្កែ ថ្មគោលនិងក្រុងបាត់ដំបង ។
លោក ព្រួញ រិទ្ធថា បានបញ្ជាក់ថា ការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកធ្វើឡើងក្នុង គោល បំណង ដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ សាធារណៈ ជាពិសេសនៅលើកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-បន្ទាយមានជ័យ) ត្រង់ចំណុចផ្លូវវាងក្រុងនេះ ឱ្យមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ និងយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានច្បាស់លាស់ ដើម្បីសុវត្ថិភាពសម្រាប់ខ្លួនឯងនិងអ្នកដទៃ ក៏ដូចជាជៀសផុតគ្រោះថ្នាក់ផ្សេងៗ និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងការធ្វើដំណើរថែមទៀតផង ។
លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានណែនាំដល់អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៅពេលធ្វើដំណើរនៅលើផ្លូវសាធារណៈ និងមើលស្លាកសម្គាល់សញ្ញាចរាចរណ៍ឱ្យបានត្រឹមត្រូវមុននឹងបត់ឬវ៉ាជែង ជាពិសេសការបើកបរឆ្លងកាត់នៅតាមបណ្តាផ្លូវប្រសព្វទាំងអស់និងត្រូវគោរពអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីការឆ្លងនៃជំងឺកូវីដ១៩ ព្រមទាំងបានចែកជូនសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន៥០០ក្បាល ខិត្តប័ណ្ណដែលមានចំណងជើងថា អ្វីអ្នកបើកបរត្រូវដឹងចំនួន៧០០សន្លឹក ស្ទីកឃ័រចំណាំងផ្លាតចំនួន៦០០បន្ទះ និងផ្ទាំងស្ទីកឃ័រ "ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍" ចំនួន១០០ផ្ទាំងផងដែរ ៕
ដោយ៖ ឡាច សុគន្ធាវី









