ព័ត៌មានអន្តរជាតិ

នូវែលសេឡង់រាយការណ៍ពីការកើនឡើងនៃករណីឆ្លងកូវីដ-១៩ច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល៦សប្តាហ៍មកនេះ

image

វែលីងតោន៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសនូវែលសេឡង់បានរាយការណ៍ពីការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៦សប្តាហ៍កន្លងមកនេះហើយករណីទាំងអស់នោះត្រូវបានរកឃើញនៅក្នុងទីក្រុង អកឡេន (Auckland) ដោយអាចនឹងបង្ខំឲ្យមានការពន្យារពេលអនុវត្តការបិទខ្ទប់នៅក្នុងទីក្រុងនេះបន្តទៀតបន្ទាប់ពីសប្តាហ៍ក្រោយ។


មនុស្សប្រហែល១.៧លាននាក់នៅក្នុងទីក្រុងទីក្រុង អកឡេន (Auckland) ស្ថិតនៅក្រោមបទបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះរហូតដល់ថ្ងៃទី១៨ ខែតុលា ខណៈដែលអាជ្ញាធរកំពុងតស៊ូទប់ទល់នឹងការផ្ទុះឡើងនៃវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta ដែលជាការឆ្លងរាលដាលនៅក្នុងសហគមន៍ទ្រង់ទ្រាយធំលើកដំបូងនៅក្នុងប្រទេសនូវែលសេឡង់។


នូវែលសេឡង់បានរកឃើញករណីឆ្លងថ្មីក្នុងសហគមន៍ចំនួន៧១នាក់ដោយកើនឡើង១៦នាក់បើធៀបទៅនឹងថ្ងៃពុធ។
ឧបនាយករដ្ឋមន្ត្រីនូវែលសេឡង់លោក ហ្គ្រេន រ៉ូបឺតសុន (Grant Robertson) បាននិយាយថា ការកើនឡើងនៃចំនួនអ្នកឆ្លងនៅក្នុងទីក្រុង អកឡេន (Auckland) ជារឿងដែលមិននឹកស្មានដល់ និងបានបន្ទោសថាបណ្តាលមកពីការជួបជុំគ្នានៅតាមផ្ទះដោយមិនស្តាប់តាមការណែនាំរបស់រដ្ឋាភិបាល។


ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅក្នុងរដ្ឋធានី វែលីងតោន, លោក រ៉ូបឺតសុន (Robertson) បានអំពាវនាវឲ្យពលរដ្ឋនៅក្នុងទីក្រុង អកឡេន (Auckland) អនុវត្តឲ្យបានតឹងរ៉ឹងចំពោះវិធានការរឹតបន្តឹងកម្រិតទី៣នេះដែលពលរដ្ឋភាគច្រើនត្រូវបានហាមមិនឲ្យចេញពីផ្ទះលើកលែងតែមានករណីចាំបាច់បន្ទាន់ប៉ុណ្ណោះ។


សូមបញ្ជាក់ថា មកទល់ពេលនេះពលរដ្ឋនូវែលសេឡង់ប្រហែល២.៤៩លាននាក់បានចាក់វ៉ាក់សាំងពេលលេញ ឬស្មើនឹង៥៩%នៃចំនួនពលរដ្ឋដែលគ្រប់អាយុចាក់វ៉ាក់សាំង ហើយអាជ្ញាធរបានសន្យាបញ្ចប់ការបិទខ្ទប់នៅពេលដែលតួលេខនេះកើនដល់៩០%។
អាជ្ញាធរប្រទេសនេះគ្រោងនឹងចាក់ឲ្យបាន១០ម៉ឺនដូសក្នុងមួយថ្ងៃនៅក្នុងអំឡុងយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទាយធំនៅថ្ងៃសៅរ៍សប្តាហ៍នេះ។