ព័ត៌មានអន្តរជាតិ

ជប៉ុនរំលាយសភាដើម្បីរៀបចំការបោះឆ្នោតសកលនៅចុងខែនេះ

image

តូក្យូ៖ ប្រទេសជប៉ុនបានរំលាយសភានៅថ្ងៃព្រហស្បតិ៍នេះដើម្បីរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី៣១ ខែតុលាដែលនាយករដ្ឋមន្ត្រីថ្មីលោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) នឹងត្រូវប្រកួតប្រជែងជាមួយគណបក្សប្រឆាំងដែលមិនមានប្រជាប្រិយភាពនៅក្នុងការស្វែងរកអ្នកដែលអាចដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលរងគ្រោះដោយសារវិបត្តិកូវីដ-១៩។


ការស្ទង់មតិបានបង្ហាញថា លោក គីស៊ីដា (Kishida) ទទួលបានការគាំទ្រពីពលរដ្ឋគួរសមនៅក្នុងការកាន់តំណែងរយៈពេល១១ថ្ងៃមកនេះដែលជាសញ្ញាបង្ហាញថាលោកអាចរក្សាបាននូវសម្លេងភាគច្រើននៅក្នុងសភា។
ពលរដ្ឋជប៉ុនចង់ឃើញរដ្ឋាភិបាលមួយដែលមានផែនការច្បាស់លាស់ដើម្បីចាត់វិធានការឆ្លើយតបនឹងជំងឺកូវីដ-១៩និងស្តារសេដ្ឋកិច្ចឡើងវិញ។ ការស្ទង់មតិដោយកាសែតមួយរបស់ជប៉ុន កាលពីពេលថ្មីៗនេះបានបង្ហាញថាពលរដ្ឋប្រហែល៤៨%ចង់ឲ្យរដ្ឋបាលរបស់លោក គីស៊ីដា (Kishida) ផ្តោតសំខាន់លើការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ឲ្យបានខ្លាំង ហើយបន្ទាប់មកគឺការស្តារសេដ្ឋកិច្ច និងការងារ។


គណបក្សរបស់លោក គីស៊ីដា (Kishida) កំពុងជំរុញវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ដូចជាការផ្គត់ផ្គង់ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩នៅក្នុងឆ្នាំនេះ និងលើកកម្ពស់ចក្ខុវិស័យរបស់លោកដែលហៅថា «មូលធននិយមថ្មី» ដែលផ្តោតសំខាន់ទៅលើកំណើនសេដ្ឋកិច្ច។
ជាមួយគ្នានោះ គណបក្សកាន់អំណាចនេះក៏បានអំពាវនាវផងដែរឲ្យបង្កើនចំណាយលើវិស័យការពារជាតិដើម្បីពង្រឹងសមត្ថភាពក្នុងការកំទេចមីស៊ីលផ្លោងក្នុងគ្រាដែលចិនដាក់សម្ពាធកាន់តែខ្លាំងទៅលើកោះតៃវ៉ាន់៕