ព័ត៌មានអន្តរជាតិ

ប្រភពជាច្រើនឲ្យដឹងថាអាស៊ាននឹងប្រជុំពិភាក្សាពីលទ្ធភាពនៃការដកមេដឹកនាំមីយ៉ាន់ម៉ាចេញពីកិច្ចប្រជុំកំពូល

image

ប្រភពជាច្រើនបានឲ្យដឹងថា ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន (ASEAN) នឹងជួបប្រជុំនៅថ្ងៃសុក្រដើម្បីពិភាក្សាអំពីកិច្ចប្រជុំកំពូលរបស់មេដឹកនាំប្លុកនេះនាពេលខាងមុខ ខណៈដែលលទ្ធភាពនៃការដកមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង (Min Aung Hlaing) ចេញពីកិច្ចប្រជុំកំពូលនឹងត្រូវបានលើកមកពិភាក្សា។


ការប្រជុំនៅថ្ងៃសុក្រនោះនឹងត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ និងមានប្រទេសព្រុយនេជាម្ចាស់ផ្ទះ នេះបើយោងតាមប្រភពដែលមានមូលដ្ឋាននៅក្នុងប្រទេសសមាជិកអាស៊ានដែលរួមមានដូចជាមន្ត្រីការទូត និងមន្ត្រីរដ្ឋាភិបាល។


អ្នកនាំពាក្យឲ្យរបបយោធាមីយ៉ាន់ម៉ាបាននិយាយថា បេសកជនពិសេសរបស់អាស៊ាននឹងមិនត្រូវបានអនុញ្ញាតឲ្យជួបជាមួយអតីតមេដឹកនាំលោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ដែលកំពុងជាប់ឃុំឡើយដោយសារលោកស្រីត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ។


ការលើកឡើងបែបនេះរបស់អ្នកនាំពាក្យឲ្យរបបយោធាមីយ៉ាន់ម៉ានៅក្នុងរបាយការណ៍មួយដែលចុះថ្ងៃទី១៣ ខែតុលាបានធ្វើឡើងនៅពេលដែលការដាក់សម្ពាធពីអន្តរជាតិកើនឡើងកាន់តែខ្លាំងទៅលើរបបយោធានេះដើម្បីឲ្យអនុវត្តផែនកាសន្តិភាព៥ចំណុចដែលលោក មីន អ៊ុងឡាំង (Min Aung Hlaing) ព្រមព្រៀងជាមួយអាស៊ានកាលពីខែមេសា។
លោក អេរីវ៉ាន់ យូសូហ្វ (Erywan Yusof) បេសកជនពិសេសរបស់ប្លុកនេះបាននិយាយកាលពីសប្តាហ៍មុនថា ភាពអសកម្មរបស់របបយោធាមីយ៉ាន់ម៉ាលើផែនការសន្តិភាពនោះគឺ «ដូចគ្នាទៅនឹងការដើរថយក្រោយ» ៕