ព័ត៌មានអន្តរជាតិ

អគ្គិភ័យឆាបឆេះអគារ១៣ជាន់នៅតៃវ៉ាន់ សម្លាប់មនុស្សយ៉ាងតិច២៥នាក់ ខណៈតួលេខអាចបន្តកើនឡើង

image

តៃវ៉ាន់៖ ក្រុមមន្រ្តីកោះតៃវ៉ាន់ បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ២៥ នាក់បានស្លាប់ នៅក្នុងអគ្គិភ័យដ៏សាហាវបំផុត ដែលបានឆាបឆេះអគារកម្ពស់ ១៣ ជាន់ នៅក្នុងទីក្រុង Kaohsiung កោះតៃវ៉ាន់។ មនុស្សរាប់សិបនាក់ទៀត បានរងរបួស។


មន្រ្តីពន្លត់អគ្គីភ័យ នៅទីក្រុង Kaohsiung បាននិយាយថា អគារកម្ពស់ ១៣ ជាន់ត្រូវបានភ្លើងឆាបឆេះ នៅម៉ោងប្រហែល ៣ទៀបភ្លឺថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១នេះ។
មន្រ្តីបាននិយាយថា មនុស្ស ៥៥ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះមានមនុស្ស ១៤ នាក់មិនមានសង្ឃឹមថានឹងនៅរស់រានមានជីវិតឡើយ។ យ៉ាងហោចមនុស្ស ១១ នាក់ដែលត្រូវបានរកឃើញនៅកន្លែងកើតហេតុ ត្រូវបានបញ្ជូនដោយផ្ទាល់ទៅកាន់កន្លែងដាក់សព។


មន្ត្រីបានបន្តថា ចំនួនអ្នកស្លាប់អាចលើសពី ៤០ នាក់ ខណៈក្រុមអ្នកពន្លត់អគ្គិភ័យ កំពុងធ្វើការស្វែងរក និងជួយសង្គ្រោះនៅរសៀលថ្ងៃព្រហស្បតិ៍នេះ។
យោងតាមសេចក្តីថ្លែងការណ៍ពីនាយកដ្ឋានពន្លត់អគ្គីភ័យបានឱ្យដឹងថា អណ្តាតភ្លើងបានឆេះខ្លាំងបំផុត និងបានបំផ្លាញអគារជាច្រើនជាន់។


ក្រុមអ្នកពន្លត់អគ្គីភ័យ មិនទាន់អាចកំណត់ពីប្រភពនៃការឆាបឆេះនោះទេ។ យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការ បានឱ្យដឹងថា មួយអគារនេះមានអាយុកាលប្រហែល ៤០ ឆ្នាំ ដោយមានហាងនៅជាន់ទាប និងបន្ទប់អាផាតមិននៅខាងលើ។ មកទល់រសៀលថ្ងៃព្រហស្បតិ៍នេះ អគ្គិភ័យ ត្រូវបានពន្លត់ទាំងស្រុង៕