សង្គម

អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលប្រាសាទព្រហ្មកិល ដោយប្រើពេលមួយឆ្នាំ

image



សៀមរាប៖ អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមធ្វើការជួសជុលប្រាសាទព្រហ្មកិល ដែលកពុងរងការខូចខាតខ្លាំង បាក់រលួសអស់មួយចំហៀង។ ការជួសជុលនេះគ្រោងប្រើរយៈពេលមួយឆ្នាំ និងចែកចេញជា៣ដំណាក់កាល។ នេះបើយោងតាមការឱ្យដឹងពី នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

លោក ស៊ឹម ថន អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ដោយពិនិត្យឃើញប្រាសាទព្រហ្មកិល រងការខូចខាតទ្រុឌទ្រោមខ្លាំង ថ្មធ្លាក់រាយប៉ាយ និងតួប៉មកណ្តាល បានបាក់រលួសអស់មួយចំហៀងទៅហើយ ទើបក្រុមការងារធ្វើការជួសជុល បន្ទាប់ពីបានការអនុញ្ញាតពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការអន្តរជាតិ ICC-Angkor។ ក្នុងដំណើរការជួសជុលនឹងគ្រោងប្រើពេល១ឆ្នាំ ដោយបែងចែកការជួសជុលជា៣ដំណាក់កាល រួមមាន ការរៀបចំឯកសារ ធ្វើកំណាយសិក្សាពីរចនាសម្ព័ន្ធរបស់ប្រាសាទ បែងចែកលេខរៀង និងផ្គុំថ្ម ទី២ចាប់ផ្តើមរៀបផ្គុំថ្មសាកល្បង និងរៀបចំពង្រឹងគ្រឹះ និងទី៣ រៀបចំថ្មទាំងអស់ ដែលបានរកឃើញដាក់ចូលទីតាំងដើមវិញ។

សូមបញ្ជាក់ថា ប្រាសាទព្រហ្មកិល មានមុខងារជាមន្ទីរពេទ្យក្នុងរជ្ជកាល ព្រះរាជព្រះបាទជ័យវរ្ម័នទី៧ ជាប្រាសាទតូចមួយ មានទីតាំងនៅផ្នែកខាងលិចឈៀងខាងជើងប្រាសាទអង្គរវត្ត៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា