កសិផលកម្ពុជាជិត ៦លានតោន បាននាំចេញទៅកាន់ ៩០ប្រទេស ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១

អត្ថបទ៖ យ៉ង សុភា
ភ្នំពេញ៖ យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្ម នៃកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា លទ្ធផលនៃការនាំចេញកសិផលទៅកាន់ ៩០ប្រទេស នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ មានចំនួន ៥,៩៣ លានតោន។
កសិផលដែលនាំចេញភាគច្រើនទៅកាន់ប្រទេសវៀតណាម មានចំនួន ៦៤,១១% ប្រទេសថៃ មានចំនួន ២១,៤៩% ប្រទេសចិន មានចំនួន ៩,៦៩% និងទៅកាន់គោលដៅប្រទេសចំនួន ៨៧ ផ្សេងទៀតមានចំនួន ៤,៧១% តែប៉ុណ្ណោះ។
ផលិតផលដែលនាំចេញនោះភាគច្រើនមានដូចជា ស្រូវ អង្ករ ផ្លែចេក ផ្លែស្វាយ ម្រេច គ្រាប់ស្វាយចន្ទី ដំឡូងមី ផ្លែមាន និងតាងែន ជាដើម៕
