សង្គម

កម្ពុជា បានទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន ២លានដូសទៀត ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាលកម្ពុជា

image



ភ្នំពេញ៖ តាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជា បានទទួលបានវ៉ាក់សាំងស៉ីណូវ៉ាក់ (Sinovac) ចំនួន ២លាន ដូសទៀត ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋា ភិបាល កម្ពុជា។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា «ព្រឹកថ្ងៃនេះយើងត្រូវទទួលបានវ៉ាក់សាំង Sinovac ចំនួន ២លានដូសបន្ថែមទៀត ដែលជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជាក់ក្នុងឱកាសលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលថ្មីៗកន្លងទៅនេះ»។

ការទទួលបានវ៉ាក់សាំងនាព្រឹកនេះតាមរយ:ក្នុងដំណើរអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅនេះ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានប្រកាសផ្តល់ជំនួយវ៉ាក់សាំងស៊ីណូហ្វាមចំនួន ៣លានដូសបន្ថែមទៀតមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ជាមួយគ្នានេះ ប្រទេសចិន គឺជាប្រទេសដំបូងគេ ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកកាន់ប្រទេសកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២១។ មកដល់ពេលនេះ វ៉ាក់សាំងដែលរដ្ឋាភិបាលចិន បានផ្តល់ជាជំនួយមកកម្ពុជាមានចំនួនសរុប ៦លាន ៨០ម៉ឺនដូស។ ជាមួយគ្នានេះ ក្រុមហ៊ុនស៊ីណូវ៉ាក់របស់ចិន បានផ្តល់ជំនួយចំនួន ៥០ម៉ឺនដូសផងដែរ។

លេីសពីនេះប្រទេសចិន បានក្លាយទៅជាបង្អែកដ៏ខ្លាំងក្លាក្នុងការផ្គត់ផ្គង់វ៉ាក់សាំងមកកាន់ប្រទេសកម្ពុជា ចាក់ជូនប្រជាពលរដ្ឋការពារសុខភាពពីការរាតត្បាតជំងឺកូវីដ១៩។ មកដល់ពេលនេះ កម្ពុជា បានទទួលវ៉ាក់សាំងពីប្រទេសចិនទាំងជំនួយ និងការបញ្ជាទិញមានចំនួនសរុប ៣២លាន ៨សែនដូស។

សូមបញ្ជាក់ថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៣២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,០៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៧,០៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕


ដោយ គង់ វណ្ណៈ