ព័ត៌មានជាតិ

រដ្ឋសភាប្រជុំ ពិនិត្យសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្ម កំណត់ឲ្យប្រធាន ស្ថាប័នកំពូលចំនួន៤ មានសញ្ជាតិខ្មែរតែមួយ

image


ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាមប្រព័ន្ធអនឡាញ ដោយមានរបៀបវារៈមួយចំនួនដែលបានប្រព្រឹត្តឡើងនៅថ្ងៃទី១៤ខែតុលាឆ្នាំ២០២១នេះ ។សមាភាពចូលរួមប្រជុំប្រធានគណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា។

លោកកត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការទី២រដ្ឋសភា មានប្រសាសន៏ឲ្យដឹងថារបៀបវារៈប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋសភារួមមាន៖
១-ការពិនិត្យសំណើសុំបោះឆ្នោតផ្តល់សេចក្តីទុក ចិត្តលើការបំពេញបន្ថែមសមាសភាព សមាជិក នៃរាជរដ្ឋាភិបាលដល់លោក ប៉ា សុជាតិវង ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេសកកម្ម ពិសេស ។

២- ការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រៀង បន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការ កាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិប តេយ្យ ស្ដីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ ។
៣-ការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន។

៤-ការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា ១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជា ណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ ។

សូមបញ្ជាក់ថា៖គណៈរដ្ឋមន្ត្រីបានបញ្ជូនសំណើធ្វើវិសោធនកម្ម មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា ១០៦ ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម ។
សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និងដឹកនាំប្រជុំរដ្ឋសភាពេញអង្គពិភាក្សា
អនុម័តសេចក្តីព្រាងច្បាប់នេះ នៅពេលខាងមុខឆាប់៕


ដោយ៖វង សុភ័ក្ត្រ