ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន៖ កម្ពុជា និងប្រទេសក្នុងតំបន់ នៅតែព្រួយបារម្ភចំពោះការផលិតគ្រឿងញៀនសំយោគ នៅតំបន់ត្រីកោណមាស

image


ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា នៅក្នុងប្រទេស និងតំបន់របស់អាស៊ានទាំងមូល នៅតែប្រឈមទៅនឹងបញ្ហាមួយចំនួនគួរឱ្យព្រួយបារម្ភ ជាពិសេសការផលិតគ្រឿងញៀនសំយោគនៅតំបន់ត្រីកោណមាស ហើយចរាចរចេញមកតំបន់ខាងក្រៅ នៅតែមានការកើនឡើង។

ការបង្ហាញក្តីព្រួយបារម្ភបែបនេះ បានធ្វើឡើងនៅក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន លើកទី៧ ស្តីពីបញ្ហាគ្រឿងញៀន តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ដែលកិច្ចប្រជុំនេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋជាសមាជិកអាស៊ាន។

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបង្ហាញក្តីព្រួយបារម្ភថា ជាមួយនឹងលទ្ធផលការងារល្អប្រសើរស្ទើរគ្រប់វិស័យ ដូចបានបង្ហាញក្នុងរបាយការណ៍វាយតម្លៃក្តី ក៏ស្ថានភាពពិតជាក់ស្តែងនៅក្នុងប្រទេស និងតំបន់ទាំងមូល នៅតែប្រឈមទៅនឹងបញ្ហាមួយចំនួន គួរឱ្យព្រួយបារម្ភ ដូចជា៖

ទី១៖ ការផលិតគ្រឿងញៀន សំយោគនៅតំបន់ត្រីកោណមាស ហើយចរាចរចេញមកតំបន់ខាងក្រៅ នៅតែមានការកើនឡើង។
ទី២៖ ស្ថានភាពនៃការផលិត កែច្នៃ ចរាចរ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសនីមួយៗ និងតំបន់នៅតែមានការកើនឡើង។
ទី៣៖ យន្តការ និងនីតិវិធីនៃការគ្រប់គ្រងសារធាតុគីមីផ្សំ នៅក្នុងប្រទេសនីមួយៗ និងតំបន់ទាំងមូលនៅមិនទាន់មានប្រសិទ្ធភាពខ្ពស់។
ទី៤៖ សមត្ថភាពលទ្ធភាព និងធនធានក្នុងការឆ្លើយតបនឹងបញ្ហាគ្រឿងញៀន របស់ស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃប្រទេសសមាជិកនៅមានកម្រិតនៅឡើយ។

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃព្រះរាជាណាចក្រកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះយន្តការរួមទាំងឡាយមានប្រសិទ្ធភាពខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងតំបន់ និងសកលលោក។

បន្ថែមលើអនុសាសន៍ដែលបានចែងក្នុងរបាយការណ៍វឌ្ឍនភាព ពាក់កណ្តាលអាណត្តិ ពិសេសក្នុងកាលៈទេសៈ ដែលតំបន់ និងពិភពលោកទាំងមូល បាននិងកំពុងទទួលរងបញ្ហាធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺកូវីដ១៩នេះ, លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ប្រាប់ ទៅប្រតិភូតំណាងប្រទេសសមាជិកទាំងអស់ ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការមួយចំនួន ដែលអាចធ្វើបានដូចជា៖

ទី១៖ ការពិនិត្យ និងវាយតម្លៃពីបញ្ហាជាក់ស្តែងដែលនៅតែអាចផ្តល់ឱកាសឱ្យក្រុមឧក្រិដ្ឋជនអាចបង្វែរ និងនាំសារធាតុគីមី ទៅធ្វើការផលិតគ្រឿងញៀន បាននៅតាមតំបន់នានា ជាពិសេសតំបន់ត្រីកោណមាស។

ទី២៖ ការបន្តពង្រឹងប្រសិទ្ធភាព និងកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មានបទល្មើសឱ្យគ្នាទៅវិញទៅមក។

ទី៣៖ ការបន្តសហការជួយពង្រឹងសមត្ថភាពធនធាន និងលទ្ធភាពដល់ប្រទេសជាសមាជិក។

ទី៤៖ ការបន្តពង្រឹងកិច្ចសហប្រតិបតិ្តការបន្ថែមទៀត រវាងស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់ការផ្គត់ផ្គង់ និងតម្រូវការគ្រឿងញៀននៅក្នុងតំបន់។

ទី៥៖ ការពង្រឹងសមត្ថភាព និងប្រសិទ្ធភាព ក្រុមការងារអាស៊ាន ត្រួតពិនិត្យគ្រឿងញៀន នៅអាកាសយានដ្ឋាន អេអេអាយធីអេហ្វ (AAITF), ក្រុមការងារត្រួតពិនិត្យគ្រឿងញៀន នៅតាមកំពង់ផែសមុទ្រ អេ អេស អាយ ធី អេហ្វ (ASITF), មជ្ឈមណ្ឌលអាស៊ានសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀនអាស៊ាន-ណាកូ (ASEAN-NARCO) និងបណ្តាញឃ្លាំមើលត្រួតពិនិត្យ គ្រឿងញៀនអាស៊ានអេ ឌី អឹម អិន (ADMN)។

បន្ថែមពីនេះឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏សូមអំពាវនាវ និងស្នើដល់សហគមន៍អន្តរជាតិ និងបណ្តាប្រទេសដៃគូអភិវឌ្ឍន៍ ព្រមទាំងប្រទេសពាក់ព័ន្ធទាំងអស់ សូមបន្តផ្តល់នូវកិច្ចសហការការចូលរួម និងគាំទ្រដល់ការអនុវត្តន៍ផែនការការងារអាស៊ាន ស្តីពីសន្តិសុខសហគមន៍អាស៊ានប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ឆ្នាំ២០១៦-២០២៥ រួមនឹងផែនការត្រួតពិនិត្យគ្រឿងញៀនផ្សេងៗទៀត ទាំងក្នុងក្របខណ្ឌប្រទេសនីមួយៗ និងក្នុងតំបន់ទាំងមូលឱ្យដំណើរការ បានកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ថែមទៀត។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បានបញ្ជាក់ថា ព្រោះថាការរួមចំណែក និងការគាំទ្រពីបណ្តាប្រទេសដៃគូអភិវឌ្ឍន៍ ក្នុងការអនុវត្តន៍ផែនការសកម្មភាពនេះ គឺមិនត្រឹមតែជួយទប់ស្កាត់ និងកាត់បន្ថយនូវការគំរាមកំហែងពីគ្រឿងញៀន សម្រាប់តែប្រទេសនៅក្នុងតំបន់នេះ ប៉ុណ្ណោះទេ ប៉ុន្តែក៏បានទប់ស្កាត់នូវការផលិត និងចរាចរទៅកាន់តំបន់ផ្សេងៗក្នុងពិភពលោកស្របតាមស្មារតីនៃការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ដែលបានធ្វើឡើងក្នុងកិច្ចប្រជុំ យូ.អិន.ហ្គាស (UNGASS) កន្លងមក និងឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ សហសវត្សរ៍ប្រកបដោយចិរភាពផងដែរ៕