សង្គម

ខេត្តបន្ទាយមានជ័យ បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជុំទី១ សម្រាប់ពលរដ្ឋ អាយុ ១៨ឆ្នាំឡើង

image


បន្ទាយមានជ័យ៖ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង នៅខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសបិទបញ្ចប់ហើយក្រោមវត្តមាន លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។ យុទ្ធនាការនេះ ក្នុងផែនការ ៥២៩,៦៨១នាក់ ចាក់បានចំនួន ៤០៤,៤៨៤នាក់ ស្មើនឹង ៧៦,៣៦ភាគរយ ចាក់លើកទី២ បានចំនួន ៣២៦,៨១៥នាក់ និងចាក់លើកទី៣ ដូសជំរុញបានចំនួន ១៧,៥៣០នាក់(ស្រី៧,១០៣នាក់)។

លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា សូមកុំភ្លេចជំងឺកូវីដ-១៩ តែកូវីដ-១៩ មិនភ្លេចយើងនោះទេ។ ដូចនេះត្រូវចូលរួមទទួលខុសត្រូវ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ ជានិច្ច ខណៈខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩សរុបចំនួន ២៥០នាក់(ស្រី១៣៨នាក់) ក្នុងនោះខ្មែរ ២៤៤នាក់ ស្រី១៣៥នាក់ និងជនបរទេស ៦នាក់ស្រី ៣នាក់។ ក្រៅពីនេះ លោកស្រីក៏បានសរសើរអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសក្រុមគ្រូពេទ្យ គ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមគ្រូពេទ្យកងយុទ្ធពលខេមរភូមិន្ទ ទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់លើបញ្ហាជំងឺកូវីដ-១៩ ចំណាយទាំងកម្លាំងកាយចិត្ត ទាំងយប់ទាំងថ្ងៃ ដើម្បីចូលរួមជួយកាត់បន្ថយនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩។

ក្រៅពីនេះ លោកស្រី ឱ វណ្ណឌីន ក៏បានប្រាប់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តការយកចិត្តទុកដាក់គ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ឱ្យបានជាប្រចាំ និងធ្វើការចុះអប់រំផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឱ្យបានជ្រាបច្បាស់ពីបញ្ហាជំងឺកូវីដ-១៩។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ចាប់ពីមានការផ្ទុះរីករាលដាលក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមានចំនួន ២៧,៨៩៥នាក់(ស្រី ១៣,៨១៩នាក់) ជាសះស្បើយចំនួន ២៦,២៥២នាក់(ស្រី១៣,១៨៤នាក់) នៅសល់វិជ្ជមានចំនួន ៨៨៦នាក់(ស្រី ៤៨៨នាក់) និងកំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌល៕

ដោយ៖ ប៊ុន ចាន់ថន