សង្គម

សម្តេចក្រឡាហោម ស ខេង៖ រដ្ឋបាលខេត្តនីមួយៗ មិនអាស្រ័យលើខេត្តតូច ឬធំនោះទេ សំខាន់ គឺបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ

image



ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។

ពិធីនេះប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងលោក ជាវ តាយ ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ម៉ៅ ធនិន ដែលត្រូវបានត្រាស់បង្គាប់តាំងតែងជាអភិបាល នៃគណអភិបាលខេត្តកំពត។

មានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ពីភាពចាំបាច់តាមផ្លូវច្បាប់ ជីវភាពនយយោបាយ និងរដ្ឋបាល ដែលនាំឱ្យរាជរដ្ឋាភិបាលសម្រេចទូលថ្វាយព្រះមហាក្សត្រផ្លាស់ប្ដូរមុខតំណែងអភិបាលខេត្តមួយចំនួននាពេលកន្លងមក និងបានផ្ដល់ការពន្យល់ថារដ្ឋបាលខេត្តនីមួយៗ មិនអាស្រ័យលើខេត្តតូច ឬធំនោះទេ សំខាន់គឺបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ។

សម្ដេច ក៏បានណែនាំឱ្យរដ្ឋបាលខេត្ត ខិតខំអនុវត្តឱ្យបាននូវច្បាប់ គោលនយោបាយ និងកម្មវិធីនយោបាយសម្រាប់កិច្ចការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋាន ធ្វើយ៉ាងណាឱ្យមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ។

សម្ដេចក៏បានណែនាំឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានខិតខំជំរុញការផ្សព្វផ្សាយ និងអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ហើយត្រូវជំរុញការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ដើម្បីធានាអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព។ សម្ដេចបានបញ្ជាក់អំពីភាពចាំបាច់នៃការខិតខំប្រមូលបញ្ហា មតិយោបល់ និងកង្វល់ពលរដ្ឋយកមកដោះស្រាយឱ្យបាន និងបានផ្ដល់ការលើកទឹកចិត្តឱ្យខិតខំសម្របសម្រួលដោះស្រាយបញ្ហាតាមយន្តការក្រៅប្រព័ន្ធតុលាការ។

ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចក៏បានថ្លែងកោតសរសើរលោក ម៉ៅ ធិន សម្រាប់ការបំពេញបេសកកម្មទទួលបានលទ្ធផលល្អជាបន្តបន្ទាប់នៅក្នុងអាណត្តិការងារជាអភិបាលខេត្តពោធិ៍សាត់រយៈពេល ៨ឆ្នាំកន្លងមក និងបានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថា លោក ជាវ តាយ នឹងបន្តខិតខំបំពេញភារកិច្ចបំរើជាតិ និងប្រជាជនបានល្អបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងត្រូវបន្តជួយពលរដ្ឋមានបញ្ហាលំបាកនានាដែលបង្កឡើងដោយជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយផ្សេងៗ៕