សង្គម

រយៈពេល៣ថ្ងៃ ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងដូសទី៣ បានជាង ១៣ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ

image


ភ្នំពេញ៖ រយៈពេល៣ថ្ងៃមកនេះ ពោលគឺ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងដូសទី៣(ដូសជំរុញ) ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ (ខណ្ឌមានជ័យ ដង្កោ កំបូល ពោធិ៍សែនជ័យ ឫស្សីកែវ ទួលគោក និងសែនសុខ ចំនួន ១សង្កាត់ ផងដែរ) បានចំនួន ១៣២,៨៨៩នាក់ (ស្ត្រី៧០,៧២៤នាក់)។ នេះបើតាមរបាយការណ៍របស់ក្រុមការងារ ចាក់វ៉ាក់សាំង ការពារកូវីដ-១៩ របស់ក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងជានាយកប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិ បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងដូសជំរុញនេះ ដំណើរការបានល្អប្រសើរទៅតាមការគ្រោងទុក មិនមានឧបសគ្គអ្វីច្រើននោះឡើយ។ ប្រជាពលរដ្ឋបានចូលរួមចាក់វ៉ាក់សាំងដូសជំរុញនេះយ៉ាងសស្រាក់សស្រាំ។ ទន្ទឹមនឹងនេះក៏នៅតែបន្តអំពាវនាវប្រជាពលរដ្ឋ ទោះបីរវល់អ្វីក៏ដោយ ត្រូវតែឆ្លៀតទៅចាក់ដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីជាកងការពារសុខភាពកាន់តែប្រសើរពីមេរោគកូវីដ-១៩។

សូមបញ្ជាក់ថា សម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញដោយក្រសួងការពាជាតិនេះ កងទ័ពចាក់តែពលរដ្ឋដែលបានចាក់ដូសទី១ និងទី២ ជាមួយកងទ័ពតែប៉ុណ្ណោះ ហើយមានគម្លាតពីដូសទី២ មករយៈពេលយ៉ាងតិចបំផុត ៤ខែ។ឯកសារដែលតម្រូវសម្រាប់ភ្ជាប់ទៅចាក់ដូសជំរុញទី១ មានបណ្ណចាក់វ៉ាក់សាំង បើមិនទាន់បានបណ្ណ ត្រូវភ្ជាប់ទៅជាមួយលិខិតទម្រង់ចាក់វ៉ាក់សាំងកាលពីដូសទី ១ និងទី២។

សម្រាប់ប្រជាពលរដ្ឋបាត់បណ្ណ ឬបាត់លិខិតទម្រង់ចាក់វ៉ាក់សាំង អាចរាយការណ៍ជូនក្រុមការងារផ្ទាល់នៅទីនោះ ហើយក្រុមការងារនឹងផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រព័ន្ធ។ បើរកឃើញមានព័ត៌មាននៅក្នុងប្រព័ន្ធ ក្រុមការងារនឹងចាក់វ៉ាក់សាំងដូសទី៣ជូន និងរៀបចំធ្វើបណ្ណជូនឡើងវិញផងដែរ៕

ដោយ៖ មួង សុវណ្ណារិទ្ធ