ព័ត៌មានអន្តរជាតិ

ជនជាតិតួកគីវ័យ២៤ឆ្នាំម្នាក់ត្រូវបានទទួលស្គាល់ជាស្ត្រីនៅរស់ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតលើពិភពលោក

image


អង់ការ៉ា៖ ស្ត្រីជនជាតិតួកគីវ័យ២៤ឆ្នាំម្នាក់ដែលមានកម្ពស់២.១៥ម៉ែត្រត្រូវបានកំណត់ត្រាឯតទគ្គកម្មពិភពលោក (Guinness World Records) ទទួលស្គាល់ជា «ស្ត្រីនៅរស់ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅលើពិភពលោក» ។

កំណត់ត្រាឯតទគ្គកម្មពិភពលោក (Guinness World Records) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា កម្ពស់ដ៏អស្ចារ្យរបស់កញ្ញា រូមេសា ជេលហ្គី (Rumeysa Gelgi) គឺបណ្តាលមកពីប្រភេទជំងឺស៊ីនដ្រូមម្យ៉ាងដែលធ្វើឲ្យមានការលូតលាស់លឿន និងមានភាពមិនប្រក្រតីផ្សេងទៀត។

កម្ពស់របស់កញ្ញា ជេលហ្គី (Gelgi) ត្រូវបានវាស់ម្តងទៀតនៅក្នុងឆ្នាំនេះបន្ទាប់ពីបានជាប់ឈ្មោះជាស្ត្រីវ័យជំទង់នៅរស់ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅលើពិភពលោកកាលពីឆ្នាំ២០១៤នៅពេលដែលគាត់មានអាយុ១៨ឆ្នាំ។

ដោយសារបញ្ហាសុខភាពរបស់គាត់, កញ្ញា ជេលហ្គី (Gelgi) តែងតែជិះរទេះរុញ ប៉ុន្តែគាត់អាចដើរបានខ្លះៗដោយប្រើឧបករណ៍ជំនួយ។

កញ្ញា ជេលហ្គី (Gelgi) បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «រាល់គុណវិបត្តិអាចប្រែក្លាយទៅជាគុណសម្បត្តិសម្រាប់ខ្លួនអ្នក ដូច្នេះត្រូវទទួលស្គាល់ខ្លួនឯងថាអ្នកជានរណា, ត្រូវដឹងពីសក្តានុពលរបស់អ្នក និងខំប្រឹងធ្វើឲ្យអស់ពីសមត្ថភាព៕»