ព័ត៌មានអន្តរជាតិ

ចិនអំពាវនាវឲ្យឥណ្ឌាបញ្ឈប់សកម្មភាពដែលនាំឲ្យមានភាពស្មុគស្មាញដល់បញ្ហាព្រំដែន

image


ប៉េកាំង៖មន្ត្រីនាំពាក្យក្រសួងការបរទេសចិនបាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធថា ប្រទេសចិនអំពាវនាវឲ្យឥណ្ឌាបញ្ឈប់រាល់សកម្មភាពដែលធ្វើឲ្យបញ្ហាព្រំដែនមានភាពស្មុគស្មាញនិងរីកធំ ប៉ុន្តែគួរចាត់វិធានការដើម្បីការពារសន្តិភាពនៅតំបន់ព្រំដែន។

លោក ចាវ លីជាន (Zhao Lijian) បានលើកឡើងបែបនេះនៅពេលដែលត្រូវបានស្នើសុំឲ្យអត្ថាធិប្បាយចំពោះដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីឥណ្ឌាលោក វេនខៃអា ណៃឌូ (Venkaiah Naidu) ទៅកាន់រដ្ឋ អារូណាចាល់ ប្រាដែស (Arunachal Pradesh) ដែលស្ថិតនៅជាប់ព្រំដែនចិន។

លោក ចាវ បាននិយាយថា «ជំហរបស់ចិនលើបញ្ហាព្រំដែនរវាងចិននិងឥណ្ឌាគឺមិនផ្លាស់ប្តូរ និងច្បាស់លាស់។ រដ្ឋាភិបាលចិនមិនដែលទទួលស្គាល់រដ្ឋ អារូណាចាល់ ប្រាដែស (Arunachal Pradesh) ដែលត្រូវបានបង្កើតឡើងដោយខុសច្បាប់ពីសំណាក់ភាគីឥណ្ឌាឡើយ។ ប្រទេសចិនប្រឆាំងដាច់ខាតចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំឥណ្ឌាទៅកាន់តំបន់នោះ។»

លោក ចាវ បានបន្តថា «ចិនអំពាវនាវឲ្យឥណ្ឌាឈប់ធ្វើអ្វីដែលធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តនិងទំនាក់ទំនងទ្វេភាគី និងចាត់វិធានការជាក់ស្តែងដើម្បីការពាសន្តិភាពនិងស្ថិរភាពនៅតំបន់ព្រំដែនដើម្បីជំរុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរត្រឡប់ទៅរកផ្លូវនៃការអភិវឌ្ឍប្រកបដោយស្ថិរភាព៕»