ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ព្រមានចិនកុំឲ្យមកក្បែរខ្លួន ស្របពេលដែលចិននិយាយការពារការធ្វើសមយុទ្ធយោធា

image


សាច់រឿង៖

ក្រសួងការពារជាតិកោះតៃវ៉ាន់ កាលពីថ្ងៃពុធ បានព្រមានពីវិធានការឆ្លើយតបខ្លាំងៗទៅកាន់ប្រទេស
ចិនវិញ ប្រសិនបើកងកម្លាំងចិនបានខិតមកជិតដែនកោះរបស់ខ្លួន ស្របពេលដែលចិនបានប្រកាសការពារការលុកលុយរបស់ខ្លួនទៅលើតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់ថាជាសកម្មភាពដើម្បីការពារសន្តិភាព និងស្ថិរភាពតែប៉ុណ្ណោះ។

ភាពតានតឹងយោធាជាមួយចិនដែលបានអះអាងថាកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួននោះគឺកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរជាងពេលណាទាំងអស់ក្នុងរយៈពេល ៤០ឆ្នាំមកនេះ។ នេះបើតាមការលើកឡើង របស់ប្រមុខការពារជាតិកោះតៃវ៉ាន់កាលពីសប្តាហ៍មុន។

ប្រមុខការពារជាតិកោះតៃវ៉ាន់បានបន្ថែមថា កងទ័ពរំដោះប្រជាជនចិននឹងមានសមត្ថភាពពេញលេញក្នុងការវាយលុកកោះតៃវ៉ាន់នៅត្រឹមឆ្នាំ២០២៥។

ការថ្លែងបែបនេះបានធ្វេីឡេីងបន្ទាប់ពី ចិនបានធ្វើសកម្មភាពបំពានទៅលើតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់ជាលក្ខណៈទ្រង់ទ្រាយធំចំនួន ៤ថ្ងៃជាប់គ្នាគិតចាប់តាំងពីថ្ងៃទី០១ ខែតុលាមក ដែលសកម្មភាពនេះត្រូវបានកោះតៃវ៉ាន់ចាត់ទុកថាជាការបង្កើនសកម្មភាពយោធារបស់ចិនប្រឆាំងនឹងកោះតៃវ៉ាន់។

នៅក្នុងរបាយការណ៍ទៅកាន់សភា ក្រសួងការពារជាតិកោះតៃវ៉ាន់បានលើកឡើងថា កងកម្លាំងកោះតៃវ៉ាន់នឹងប្រកាន់ខ្ជាប់នូវគោលការណ៍មួយគឺថា នឹងចាត់វិធានការឆ្លើយតបវិញឲ្យបានខ្លាំងក្លាប្រសិនបើកងកម្លាំងរបស់ចិនខិតមកក្បែរដែនកោះរបស់ខ្លួន។

ក្រសួងការពារជាតិកោះតៃវ៉ាន់បានសម្តែងការព្រួយបារម្ភរបស់ខ្លួនទៅលើសមត្ថភាពយោធារបស់ចិនដែលកំពុងកើនឡើងដែលក្នុងនោះមានការបញ្ចេញនូវនាវាផ្ទុកយន្តហោះ, នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាប្រយុទ្ធដែលអាចបេីកទាំងនៅលើទឹក និងលើដី៕