ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំមន្ត្រីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះនរោត្តម សីហនុ ដែលយាងសោយព្រះទីវង្គត់គម្រប់ខួប៩ឆ្នាំ

image


កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិ ដែលជាអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត នៃប្រជារាស្ត្រខ្មែរ ដែលព្រះអង្គបានយាងសោយទីវង្គត់អស់គម្រប់ខួប៩ឆ្នាំ។ ពិធីប្រារព្ធបានធ្វើឡើងនៅមុខសាលាខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដោយមានការចូលរួមពីក្រុមការងារអ្នកតំណាងរាស្ត្រ ក្រុមប្រឹក្សា រដ្ឋបាលខេត្ត មន្ត្រីរាជការជុំវិញខេត្ត និងកងកម្លាំងទាំងបីប្រភេទផងដែរ។

លោក វ៉ី សំណាង បានថ្លែងថា ការប្រារព្ធពិធីនេះឡើង ដើម្បីបង្ហាញនូវការគោរពស្រឡាញ់ពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន របស់ប្រជានុរាស្ត្ររបស់ព្រះអង្គ។ ការសម្រួមកាយវាចាចិត្ត គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិ ដែលជាអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ដោយមានវត្តមានរបស់ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ព្រមទាំងមានការចូលពីមន្ត្រីរាជការ គ្រប់ស្ថាប័ននានាក្នុងខេត្ត រួមនឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តំណាងឱ្យប្រជាពលរដ្ឋទូទាំងខេត្តនាពេលនេះ ជាការគោរពព្រះវិញ្ញាណក្ខន្ធ រំលឹកថ្វាយចំពោះព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្ត សីហនុ។

ក្នុងការរំលឹកនូវគុណូបការៈរបស់ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់ទុក នូវស្នាព្រះហស្ថនៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ជាពិសេសនោះ ជោគជ័យនៃកម្ពុជាក្នុងការដណ្តើមយកឯករាជ្យជាតិពីអាណានិគមនិយមបារាំងសេះនាឆ្នាំ១៩៥១ និងការទាមទារប្រាសាទព្រះវិហារខ្មែរមកវិញ ពីសំណាក់សៀមឈ្លានពាននាឆ្នាំ១៩៦២ ការបង្រួបបង្រួមផ្សះផ្សាជាតិ និងសមិទ្ធផលធំៗជាច្រើនទៀតរបស់ព្រះអង្គផងដែរ។

ក្នុងនាមរដ្ឋបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ក៏បានរលឹកអំពី គុណូបរៈដ៏ធំធេងដែលបានមកពីស្នាព្រះហស្ថរបស់អង្គសម្តេចឪ សម្តេចតា សម្តេចតាទួតនេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមប្រជានុរាស្ត្ររបស់ព្រះអង្គ ពិតជាចងចាំ និងដឹងគុណមិនភ្លេចទេ ហើយសន្យាចំពោះដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ និងខិតខំថែរក្សាកេរ្តិ៍ដំណែលនេះមិនឱ្យបាត់បង់ឡើយ៕

អត្ថបទ៖ ប៊ុត សារុន