សន្តិសុខសង្គម

ចាប់ខ្លួនស្ត្រី២នាក់ ជាមុខសញ្ញាគ្រឿងញៀន រួមទាំងគ្រឿងញៀន ១៦កញ្ចប់ធំ នៅខេត្តកំពង់ស្ពឺ

image


កំពង់ស្ពឺ៖ ជនសង្ស័យគ្រឿងញៀនចំនួន ២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីរកឃើញថា បានរក្សាទុកចែកចាយ និងជួញដូរគ្រឿងញៀនដោយខុសច្បាប់ ក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ២៣:១៥នាទី យប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលទទួលបាននៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីពី លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកភ្នំស្រួច កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងអាជ្ញាធរភូមិឃុំ-ស្រុក សហការពីកម្លាំងមន្ទីប្រឆាំងគ្រឿងញៀន(ក៤) ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ ឃិន សារ៉ាត់ នាយរងមន្ទីប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាប និងឆែកឆេរផ្ទះរបស់ឈ្មោះ គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ ជាជនសង្ស័យមួយកន្លែង ស្ថិតក្នុងភូមឃុំខាងលើ។

ក្រោយពីឆែកឆេរសមត្ថកិច្ចបាន រកឃើញម្សៅក្រាមពណ៌ថ្លាសចំនួន ១៦កញ្ចប់ ធំ ដែលសង្ស័យជាគ្រឿងញៀន និងឧបករណ៍សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។ ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតរថយន្ត FORD មួយគ្រឿង ដែលជាមធ្យោបាយជួញដូរ និងឃាត់មុខសញ្ញាសង្ស័យចំនួន ២នាក់ ដើម្បីយកមកសាកសួរ។

ក្នុងរបាយការណ៍ ក៏បានបញ្ជាក់ផងដែរថា ជនសង្ស័យពាក់ព័ន្ធទាំង២នាក់ ដែលបានឃាត់ខ្លួនមាន ឈ្មោះ គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច និងឈ្មោះ សុខ ស្រីនិត ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

ចំណែករថយន្តដែលបានដកហូតយក ជារថយន្ត ម៉ាក FORD EV EREST សេរីឆ្នាំ២០២១ ពណ៌ស មានស្លាកលេខ ភ្នំពេញ ២BP-៦៩៧៩ និងបានបិតខ្ទប់ផ្ទះខាងលើបណ្ដោះអាសន្ន។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ព្រមទាំងវត្ថុតាងដកហូត ត្រូវបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន នៅរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលគ្រឿងញៀននៃស្នងការដ្ឋានខេត្តកំពង់ស្ពឺក៏បានចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន២កញ្ចប់ផងដែរ។ តែក្រោយធ្វើការឃុំឃាំងនៅក្នុងបន្ទប់ឃុំឃាំងរបស់ស្នងការដ្ឋាន ជនសង្ស័យក៏បានចងកសម្លាប់ខ្លួនបាត់ទៅ។ ព័ត៌មាននេះមិនត្រូវបានចែកចាយជាផ្លូវការនោះទេ តាមប្រភពច្បាស់ការណ៍ សពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ រួចហើយ៕

អត្ថបទ៖ ប៊ុត សារុន