សង្គម

កំណាត់ផ្លូវជាច្រើនខ្សែនៅក្រុងបានលុង ខេត្តរតនគិរី រងការខូចខាត ពុំទាន់មានការ ជួសជុល ឬស្ថាបនា នៅឡើយ

image



អត្ថបទ៖ ប៉េស សារី

រតនគិរី៖ ផ្លូវជាច្រើនខ្សែក្នុងក្រុងបានលុងរងការខូចខាត ដោយពុំទាន់មានការជួសជុល នៅឡើយ ជាពិសេសផ្លូវនៅជុំវិញបឹងកន្សែងដែលជាតំបន់ទេសចរណ៍ សម្រាប់ភ្ញៀវ មក ពីបណ្តាខេត្ត-រាជធានីភ្នំពេញ ដែលមកកម្សាន្ត។

បើតាមក្រុមពលរដ្ឋមានលំនៅដ្ឋានក្នុងក្នុងតំបន់នោះបានត្អូញត្អែរប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ថា ចាប់តាំងពីរដ្ឋបាលខេត្តដាក់គ្រឿងចក្រឈូសឆាយ ពង្រីក ផ្លូវនៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ តែរហូតមកដល់បច្ចុប្បន្ន ការស្ថាបនាពង្រីក ផ្លូវ ត្រូវបានផ្អាកទាំងស្រុងពោល គឺទុកមេម៉ាយចោល។

ក្រុមពលរដ្ឋបន្តថា ដោយសារការឈូសឆាយរួចមិនស្ថាបនាផ្លូវនោះ បណ្តាលឲ្យពួកគាត់ ជួបការលំបាកខ្លាំងលើបញ្ហាជីវភាព ព្រោះគ្មានភ្ញៀវណាមួយចេញ-ចូលដូចមុនទៀតទេ ហើយគួបផ្សំនឹងបញ្ហាកូវីដ១៩ថែមទៀតផង។

ទាក់ទិនទៅនឹងករណីនេះ លោក នាង សំអាត នាយករដ្ឋបាលខេត្តរតនគិរី កន្លងទៅ បាន ប្រាប់ ឲ្យដឹងយ៉ាងខ្លីថា សូមឲ្យសួរទៅលោក ផាត់ សុភា ប្រធានការិយាល័យ ហិរញ្ញវត្ថុ នៃមន្ទីរមន្ទីរហិរញ្ញវត្ថុខេត្តរតនគិរី។ ដោយឡែក លោក ផាត់ សុភា បានឆ្លើយតបថា ការ ស្ថាបនាផ្លូវក្នុងបានលុងឡើងវិញ សូមឲ្យសួរទៅខាងវិស្វករនៃមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តរតនគិរី។ រីឯលោក ឃឹម រមនី អនុប្រធានមន្ទីរ និងជាប្រធានលេខាធិការ ដ្ឋានបច្ចេកទេសស្ពាន លូ ផ្លូវថ្នល់ កន្លងមកបញ្ជាក់ឲ្យដឹងថា សូមឲ្យសួរទៅខាងលោក ផាត់ សុភា វិញចុះ។

សូមបញ្ជាក់ថា ផ្លូវជុំវិញបឹងកន្សែង និងផ្លូវក្រុងបានលុង ជាច្រើនខ្សែ ជាគម្រោង របស់ រដ្ឋបាល ខេត្ត។ នេះជាការឲ្យដឹងពីលោក ងិន ណែល អភិបាលក្រុងបានលុង កាលពី ពេលកន្លងទៅ។

តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមអាជីវករ និងប្រជាពលរដ្ឋដែលជួបលំបាកបញ្ហា ការធ្វើ ដំណើរក្នុងក្រុងបានលុង និងប្រកបរបរលក់ដូរជុំវិញបឹងកន្សែង សុំណូមពរដល់អាជ្ញាធរ ខេត្ត សូមជួយពន្លឿនការស្ថាបនាផ្លូវក្នុង ក្រុងបានលុង និងតំបន់ទេសចរណ៍ ជុំវិញបឹងកន្សែង ឲ្យមានសោភ័ណ និងអនាម័យ ដើម្បីទាក់ទាញភ្ញៀវក្នុងស្រុកនិងមកពីបណ្តាខេត្តផ្សេង មក កម្សាន្តឡើងវិញ ដើម្បីជួយឲ្យក្រុមពួកគាត់រស់នៅជុំវិញបឹងកន្សែង អាចប្រកបរបរលក់ដូរ មានជីវភាពប្រសើរជាងនេះ។

ដោយឡែក លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី កន្លងទៅបញ្ជាក់ឲ្យដឹងថា ផ្លូវដែលគ្រប់គ្រង ជួសជុលថែទាំ មាន ផ្លូវជាតិ និងផ្លូវខេត្ត ជាដែន សមត្ថកិច្ចរបស់គាត់ តែផ្លូវច្រើនខ្សែក្នុងបានលុង ជាដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត៕