សុខភាព

កើតទឹកនោមផ្អែម ត្រូវធ្វើតាម ៣ ចំណុចសំខាន់នេះ ទើបការព្យាបាលបានជោគជ័យ

image



សុខភាព៖ ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ ដ្បិតព្យាបាលមិនជាដាច់ក៏ពិតមែន តែការព្យាបាលត្រឹមត្រូវអាចបញ្ចៀសនូវផលវិបាកផ្សេងៗ ធ្វើឲ្យអ្នកជំងឺអ្នកទឹកនោមផ្អែមរស់នៅបានយូរ អាចធ្វើការ ឬប្រកបរបបចិញ្ចឹមជីវិតបានធម្មតា ។ លោកវេជ្ជបណ្ឌិត ប៊ុន សុជាតិ គ្រូពេទ្យជំនាញជំងឺទឹកនោមផ្អែមក្នុងសហគមន៍ បានណែនាំនូវគោលការណ៍សំខាន់ៗ ដើម្បីឲ្យការព្យាបាលជំងឺទឹកនោមផ្អែមបានជោគជ័យ។

១. របបអាហារ
សម្រាប់អ្នកជំងឺទឹកនោមផ្អែមអាចនឹងមានការលំបាកក្នុងការជ្រើសរើសប្រភេទអាហារ ដើម្បីកុំឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ ដូច្នេះហើយអ្នកជំងឺទឹកនោមផ្អែមត្រូវយកចិត្តទុកដាក់ និងបែងចែករបបអាហារណាដែលអាចញ៉ាំបានតិច (អាហារមានជាតិស្ករខ្ពស់) និងអាហារដែលអាចញ៉ាំបានច្រើន (ក្រុមអាហារមានជាតិស្ករទាប)។

២. ហាត់ប្រាណ
ការហាត់ប្រាណជួយអ្នកជំងឺទឹកនោមផ្អែមបានច្រើន ប្រសិនបើអ្នកជំងឺមិនធាត់លើសទម្ងន់នោះទេ ត្រូវហាត់ប្រាណឲ្យបាន ៥ថ្ងៃ/សប្តាហ៍ ដោយក្នុង១ថ្ងៃត្រូវហាត់ពី ៣០-៤៥នាទី។ ផ្ទុយទៅវិញ បើអ្នកជំងឺធាត់លើសទម្ងន់ ត្រូវបង្កើនការហាត់ប្រាណឲ្យបានច្រើនជាងអ្នកជំងឺធម្មតា ដោយអាចហាត់ពេលព្រឹកផង និងល្ងាចផង។

៣. ការប្រើប្រាស់ថ្នាំ
ការប្រើថ្នាំក៏ជារឿងសំខាន់ដែរអ្នកជំងឺទឹកនោមផ្អែមត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យ ចៀសវាងការប្រើថ្នាំតាមគ្នា ឬក៏លេបថ្នាំពេលធ្វើទុក្ខ ហើយឈប់លេបនៅពេលស្ថានភាពជំងឺបានប្រសើរ។

លោកវេជ្ជបណ្ឌិត ប៊ុន សុជាតិ លើកឡើងថា ការព្យាបាលជំងឺទឹកនោមផ្អែមត្រឹមត្រូវ ពឹងផ្អែកលើចំណុចសំខាន់ទាំង៣ខាងលើ ទើបទទួលបានជោគជ័យ គឺ ការហូបចុក ហាត់ប្រាណ និងការប្រើប្រាស់ថ្នាំ។ ក្រៅពីនោះក៏មានកត្តារួមផ្សំផ្សេងទៀត ដូចជាការគ្រប់គ្រងសម្ពាធឈាមឲ្យបានត្រឹមត្រូវ គ្រប់គ្រងកម្រិតជាតិខ្លាញ់ឲ្យបានល្អ និងការចូលរួមពីក្រុមគ្រួសារជាដើម៕

ប្រភព៖ www.hellokrupet.com