សុខភាព

តោះ បើសិនជួបបញ្ហាច្រាលអាស៊ីដក្រពះ គួរដឹងពីអាហារគួរញ៉ាំ និងមិនគួរញ៉ាំ

image



សុខភាព៖ ការច្រាលអាស៊ីដក្រពះ គឺជាបញ្ហានៃការរំលាយអាហារទូទៅមួយកើតឡើងនៅពេលអាស៊ីដរបស់ក្រពះច្រាលចូលទៅក្នុងបំពង់អាហារវិញ។ បញ្ហាច្រាលអាស៊ីដក្រពះម្ដងម្កាលមិនមែនជារឿងចម្លែកនោះទេ ប៉ុន្តែអ្នកខ្លះអាចកើតមានបញ្ហាញឹកញាប់ ដោយមិនស្រួលខ្លួន ហើមពោះ និងភើស្ទើរតែគ្រប់ពេល នៅពេលញ៉ាំអាហារ។ បើគ្នាយើងមានបញ្ហាច្រាលអាស៊ីដក្រពះគួស្វែងរកជំនួយពីគ្រូពេទ្យ។ ទន្ទឹមនឹងនេះដែរ អ្នកមានបញ្ហានេះ ក៏គួរប្រយ័ត្នប្រយែងចំពោះអាហារដែរ។

១.អាហារអាចធ្វើឱ្យក្រហាយទ្រូង(ច្រាលអាស៊ីដ)
អាហារមួយចំនួនអាចធ្វើឲ្យក្រហាយទ្រូង ដោយធ្វើឲ្យសាច់ដុំខ្ជឹបបំពង់អាហារមិនសូវធ្វើការ និងពន្យារពេលនៃដំណើរការរំលាយអាហារ នាំឲ្យអាហារនៅក្នុងក្រពះយូរ មិនងាយរំលាយ។ អាហារទាំងនោះមានដូចជា៖ អាហារចៀន អាហារកែច្នៃ ភីហ្សា ដំឡូងបារាំងនិងអាហារកែច្នៃផ្សេងទៀត ម្សៅម្ទេសនិងម្រេច សាច់ខ្លាញ់ដូចជាសាច់ក្រក និងសាច់ជ្រូកបន្ទះ ឈីស។ អាហារផ្សេងទៀតដែលអាចបង្កបញ្ហាដូចគ្នា រួមមាន៖ ទឹកជ្រលក់ប៉េងប៉ោះ ផ្លែក្រូច សូកូឡា ម្ទេសប្លោក និងភេសជ្ជៈកំប៉ុង។

២.អាហារជួយការពារការច្រាលជាតិអាស៊ីដ
ខាងក្រោមនេះ ជាអាហារបីប្រភេទដែលគ្នាយើងគួរតែញាំដើម្បីជួយបង្ការបញ្ហាច្រាលអាស៊ីដក្រពះ៖
– អាហារមានជាតិសរសៃខ្ពស់
អាហារមានជាតិសរសៃធ្វើឱ្យយើងមានអារម្មណ៍ថាឆ្អែត ដូច្នេះយើងអាចនឹងមិនសូវញាំច្រើន ដែលអាចកាត់បន្ថយដល់ការក្រហាយទ្រូង។ យើងអាចទទួលបានជាតិសរសៃពីអាហារទាំងនេះ៖ ធញ្ញជាតិដូចជា oatmeal និងអង្ករសំរូប ដំឡូងជ្វា ការ៉ុតនិងឆៃថាវ
បន្លែបៃតងដូចជា ទំពាំងបារាំង ខាត់ណាខៀវ និងសណ្ដែកបៃតង។

– អាហារមានសារធាតុអាល់កាឡាំង
អាហារអាល់កាឡាំង រួមមាន៖ ផ្លែចេក ផ្លែឪឡឹក ផ្កាខាត់ណា សណ្ដែកដី គ្រាប់ស្វាយចន្ទី និងអាល់ម៉ុន។
– អាហារមានជាតិទឹក
ការញ៉ាំអាហារដែលមានជាតិទឹកច្រើនអាចធ្វើឱ្យអាស៊ីដក្រពះថយចុះ។ អាហារសម្បូរជាតិទឹក រួមមាន៖ ត្រសក់ សាឡាត់ ឪឡឹក ទឹកស៊ុបរំងាស់ និងតែរុក្ខជាតិ។

ទោះយ៉ាងណាក៏ដោយ ប្រសិនបើមានការក្រហាយទ្រូងពីរដង ឬច្រើនដងក្នុងមួយសប្ដាហ៍ ហើយបើទោះជាយើងប្ដូររបបអាហារហើយក៏នៅតែមិនបាត់យើងគួរតែពិគ្រោះជាមួយគ្រូពេទ្យពីបញ្ហានេះ។ គ្រូពេទ្យ អាចធ្វើតេស្តដើម្បីវាស់ជាតិអាស៊ីដក្នុងក្រពះ និងមើលថាតើការច្រាលអាស៊ីដញឹកញាប់អាចធ្វើឱ្យខូចបំពង់អាហាររបស់យើងឬទេ៕

ប្រភព៖ www.hellokrupet.com