សង្គម

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើសុំទូតអាមេរិក ផ្តល់សម្ភារបច្ចេកទេស ដើម្បីពង្រឹងគុណភាពផ្លូវថ្នល់នៅកម្ពុជា

image

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែកញ្ញា បានជួបពិភាក្សាការងារជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។


ក្នុងជំនួប លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យភាគីអាមេរិកជួយផ្ដល់សម្ភារបច្ចេកទេស ដើម្បីពង្រឹងគុណភាពផ្លូវថ្នល់កម្ពុជា និងចង់ឃើញក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក មកវិនិយោគនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ដូចជា ផ្លូវជាតិលេខ៤ ដែលសាងសង់ឡើង ដោយសហរដ្ឋអាមេរិកនាពេលកន្លងមក និងជាពិសេសចង់ឃើញសហរដ្ឋអាមេរិក ផ្ដល់ជំនួយបច្ចេកទេសជាសម្ភារបរិក្ខារ សម្រាប់ខួងពិនិត្យមើលគុណភាពផ្លូវផងដែរ។


លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីការចុះអនុស្សារណៈយោគយល់រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនជាមួយនឹងវិស័យឯកជន និងសាកលវិទ្យាល័យចិនមួយចំនួនក្នុងការពង្រឹងធនធានមនុស្សលើវិស័យបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់ ការបញ្ចប់ការកសាងផែនការមេជាតិភស្តុភារកម្មកម្ពុជា និងបានស្នើឱ្យភាគីអាមេរិក ជួយផ្ដល់គ្រូបង្រៀន និងសហការគ្នាលើការពង្រឹងសមត្ថភាពវិស្វករដើម្បីកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់អាចកសាងផ្លូវថ្នល់ស្ពានដោយខ្លួនឯងបាន។


ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតអាមេរិក បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ក្រសួងសាធារណការ ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការថែមទៀត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។


លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តកិច្ចសហការ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ៕