ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមដាក់វិធានការរំដោះជំនន់ទឹកភ្លៀងលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងស្រុកព្រៃឈរដើម្បីសម្រួលដល់ការធ្វើដំណើរ 

image

អត្ថបទ៖ ហ៊ាង ថាច

កំពង់ចាម៖  បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនថ្ងៃបន្តបន្ទាប់ បានធ្វើកំណាត់ផ្លូវមួយចំនួនក្នុងខេត្ត កំពង់ចាមបានទទួលរងជនលិចដោយជំនន់ទឹកភ្លៀង ជាក់ស្តែងកំណាត់ផ្លួវជាតិលេខ៧ប្រវែង ៤០០ម៉ែត្រស្ថិតនៅក្នុងភូមិចំនួន៣គឺ ភូមិកប្បាស ភូមិអំពិលធំ ភូមិខ្វិតធំ ស្ថិតនៅក្នុងឃុំខ្វិតធំ ស្រុកព្រៃឈរ ត្រូវបានជន់លិចកាលពីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១ម្សិលមិញនេះនិងបានធ្វើឲ្យ ពិបាកក្នុងការធ្វើដំណើរ។

ដោយមើលឃើញចំពោះបញ្ហានេះលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមរួមទាំងអាជ្ញាធរស្រុក និងមន្ត្រីជំនាញនៅថ្ងៃទី២១ខែកញ្ញាឆ្នាំ ២០២១នេះបានអញ្ជើញចុះពិនិត្យដោយផ្ទាល់ និងដោះស្រាយបញ្ហានេះជាបន្ទាន់ដើម្បី សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

លោក ឡោ ចាន់លី អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរបានបញ្ជាក់ថា លោកអភិបាលខេត្តកំពង់ចាម បានដាក់វិធានការបន្ទាន់មួយដោយត្រូវធ្វើការស្តារកាយ ប្រឡាយរំដោះទឹកភ្លៀងចេញ ដែលមានប្រវែងជិត៩០០ម៉ែត្រនៅ៤ទីតាំងផ្សេងគ្នាក្នុងឃុំខ្វិតធំ ស្រុកព្រៃឈរ។ លោកអភិបាលស្រុកបានឲ្យដឹងទៀតថាក្រុមការងារបច្ចេកទេស រួមទាំង អាជ្ញាធរបានមមាញឹកក្នុងការធ្វើ ការរំដោះទឹកចេញ ហើយអាចនៅល្ងាចម៉ោង៥នៅថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២១នេះកំណាត់ផ្លូវជាតិលេខ៧ប្រវែង៤០០ម៉ែត្រនេះមិនមានការជន់លិចទៀតទេ ហើយប្រជាពលរដ្ឋក៏អាចធ្វើដំណើរបានស្រួលឡើងវិញ។

 សូមបញ្ជាក់ថាបន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់គ្នាបានធ្វើឲ្យកំណាត់ផ្លូវមួយចំនួន ក្នុងខេត្តកំពង់ចាមបានទទួលជន់លិចផ្លូវ ហើយនៅផ្នែកខ្លះក្នុងស្រុកកំពង់សៀម  ស្រុកជើងព្រៃ និងផ្នែកខ្លះ នៃសង្កាត់បឹងកុកក៏ទទួលរងនូវជំនន់ទឹកភ្លៀងផងដែរ។ ហើយការពីឆ្នាំកន្លងទៅខេត្តកំពង់ចាម កំពង់ចាមក៏ទទួលរងជំនន់ទឹកភ្លៀងនិងបង្កឲ្យរងការខូចខាតផ្លូវ ហើយត្រូវបានអភិបាលខេត្ត កំពង់ចាមដាក់ផែនការការជួសជុល និងធ្វើផ្លូវថ្មីជូនបងប្អូន ប្រជាពលរដ្ឋរួចរាល់ហើយដែរ៕