សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យមានការបំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនអចល័តបន្ថែមទៀត នៅតាមផ្លូវជាតិនានា ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំឱ្យមានការបំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនអចល័តនៅតាមផ្លូវជាតិនានា តាមរយៈការបញ្ចូលគម្រោងបំពាក់នេះ ទៅក្នុងគម្រោងកសាង ឬជួសជុលផ្លូវ។
ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី២១ ខែកញ្ញានេះ តាមប្រព័ន្ធវីដេអូ (ZOOM)។
ក្នុងកិច្ចប្រជុំនោះ សម្ដេចក្រឡាហោម ស ខេង បានគាំទ្រ និងឯកភាពចំពោះទិសដៅឆមាសទី២ ដែលបានដាក់ចេញដោយ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងស្នើឱ្យមានយន្ដការពាក់ព័ន្ធគ្រប់ថ្នាក់ យកចិត្តទុកដាក់បន្ថែមលើកិច្ចការសំខាន់ៗ មួយចំនួនដូចជា អនុគណៈកម្មការទី១ ត្រូវយកចិត្តទុកដាក់ថែមទៀតក្នុងការបំពាក់ភ្លើងស្តុប ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ ដើម្បីធានាឱ្យផ្លូវថ្នល់មានសុវត្ថិភាព។
សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា អភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ បំពាក់ភ្លើងស្តុប ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ និងរឹតបណ្តឹងឱ្យបានម៉ឺងម៉ាត់លើការដឹកជញ្ជូនដីខ្សាច់ ថ្ម ជ្រុះរាយប៉ាយនៅតាមផ្លូវ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
សម្ដេចក្រឡាហោម ក៏បានណែនាំឱ្យបន្តធ្វើការរឹតបន្តឹងអនុវត្តច្បាប់ដោយប្រើប្រាស់ឧបករណ៍បច្ចេកទេសទំនើប ដើម្បីទប់ស្កាត់បទល្មើសចរាចរណ៍ និងបទល្មើសផ្សេងៗ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងនិរន្តរភាព។ ជាមួយនេះ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមគ្រប់រូបភាព និងជាប្រចាំ ដោយអនុវត្តឱ្យចំគោលដៅ និងមុខសញ្ញាងាយរងគ្រោះជាដើម។
យោងតាមរបាយការណ៍ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១.២៦១លើក (យប់៥៤%) បណ្តាលឱ្យស្លាប់ ៧០៩នាក់ និងរបួស ១.៧៩២នាក់ (ធ្ងន់១.០៤៦នាក់)។ មូលហេតុបង្កគ្រោះថ្នាក់ រួមមាន ល្មើសល្បឿន៣៤%, បើកបរមិនគោរពសិទ្ធិ ២៣%, មិនប្រកាន់ស្តាំ ១៦%, វ៉ាជែង៨%, បត់៩%, កត្តាយានយន្ត៣%, ស្រវឹង៣% និងងងុយ១%។ បើគិតក្នុងឆមាសទី១ ឆ្នាំ២០២១ ធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៣៥៨លើក ស្មើ២២% (១២៦១/១៦១៩លើក) ចំនួនអ្នកស្លាប់ថយចុះ ១៥២នាក់ ស្មើ១៨% (៧០៩/ ៨៦១នាក់) និងចំនួនអ្នករបួសថយចុះ ៦៥៧នាក់ ស្មើ២៧% (១៧៩២/២៤៤៩នាក់)។
របាយការណ៍ ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា គ្រោះថ្នាក់ បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ៣៤០លើក ខេត្តកណ្តាល ៨៦លើក និងខេត្តស្វាយរៀង ៧៧លើក។ ក្នុងនោះរួមមាន៖ ទោចក្រយានយន្ដ ត្រីចក្រយានយន្ដ ចំនួន៧៧.៧៩៤គ្រឿង ស្មើ៧៣% ។ ដោយឡែក រថយន្ដ ចំនួន២៨.២០១គ្រឿង ក្នុងនោះ ធុនធ្ងន់៦.៤៣១គ្រឿង៕
