ព័ត៌មានជាតិ

កំណើនកុងតឺន័រ ឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ ជាមធ្យមប្រចាំឆ្នាំ មានចម្លោះពី ​១៥​ទៅ ១៨ភាគរយ ទោះបីមានវិបត្តិកូវីដ-១៩ ក៏ដោយ

image

  អត្ថបទ ៖ សន  ពិសិដ្ឋ 

  ភ្នំពេញ ៖ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានមានប្រសាសន៍​បញ្ជាក់ថា កំណើនកុងតឺន័រឆ្លងកាត់ កំពង់ផែស្វយ័តភ្នំពេញ ជាមធ្យមប្រចាំឆ្នាំ មាន​ចម្លោះពី១៥ទៅ១៨ភាគរយ។ 

  លោកបន្ថែមថា ជាក់ស្តែង នៅឆ្នាំ២០១៩ បរិមាណកុងតឺន័រឆ្លងកាត់ មានចំនួនជាង២៨ម៉ឺន (២៨១,០៤៣) TEUs និងនៅឆ្នាំ២០២០ មានចំនួនជាង២៩ម៉ឺន (២៩០,៨៥៧) TEUs ទោះបីជាមានវិបត្តិ ដែលកើតឡើងដោយសារជំងឺកូវីដ-១៩ ក៏ដោយ។

  លោកប្រធានអគ្គនាយក បានបញ្ជាក់ដែរថា បរិមាណនេះ ឈានជិតដល់សមត្ថភាពផ្ទុកកុងតឺន័រសរុប នៃចំណតផែកុងតឺន័រ LM១៧  ជំហានទី១ និងទី២ នាំឲ្យមានតម្រូវការធ្វើការ ពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៃចំណតផែនកុងតឺន័រ LM១៧។

  ការលើកឡើងនេះ លោក ហ៊ឺ បាវី បានធ្វើឡើងក្នុងពិធីសម្ពោធ បើកឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ នៃចំណតផែនកុងតឺន័រ LM១៧ របស់កំពង់ផែស្វយ័តភ្នំពេញ ជំហានទី៣ ដំណាក់កាលទី១ ដែលមានទីតាំង​ស្ថិត​នៅ​ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីភាព​លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

  លោក ហ៊ឺ បាវី បានឲ្យដឹងដែរថា ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងការរីកចម្រើន ប្រកបដោយនិរន្តភាព នៃអាជីវកម្ម របស់កំពង់ផែស្វយ័តភ្នំពេញ ក្រៅពីគម្រោង​អភិវឌ្ឍន៍ទីលាន នៅចំណតផែកុងតឺន័រ LM១៧ កំពង់ផែស្វយ័តភ្នំពេញ បាននឹងកំពុងរៀបចំគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត ក្នុងនោះរួមទាំងគម្រោងអភិវឌ្ឍន៍ចំណត ផែរណបតាមផងទន្លេ ចំនួន៧ទីតាំងផងដែរ។

  គម្រោងចំណតផែរណបនោះរួមមាន៖ ចំណតផែរណបពហុបំណងកោះរកា (LM២៦), ចំណតផែរណបពហុបំណង TS១១, ចំណតផែរពនពហុបំណងព្រែកអញ្ចាញ (UM១), ចំណតផែរណបពហុបំណងទន្លេបិទ (UN២), ចំណតផែនរណបពហុបំណងឆ្លូង (ក្រចេះ), ចំណតផែរណបពហុបំណងកំពង់ឆ្នាំង និងចំណតផែរណបពហុបំណងព្រែកក្តាម៕