សង្គម

រដ្ឋមន្ត្រីក្រសួងសាធារណការ បើកភ្លើងខៀវឱ្យកំពង់ផែស្វយ័តភ្នំពេញ បង្កើតផែរណបដើម្បីបង្កើនប្រសិទ្ធភាពការដឹកជញ្ជូនតាមផ្លូវទឹក

image


អត្ថបទ ៖ សន ពិសិដ្ឋ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការគាំទ្រចំពោះគម្រោងរបស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងការបង្កើតផែរណបមួយចំនួនទៀត ដើម្បីធ្វើឲ្យការដឹកជញ្ជូនតាមផ្លូវទឹក កាន់តែមានប្រសិទ្ធភាព។ លោកទេសរដ្ឋមន្ត្រី បានចាត់ទុកគម្រោងនេះ គឺជាយុទ្ធសាស្ត្រ និងគោលដៅ ដ៏ត្រឹមត្រូវរបស់កំពង់ផែស្វយ័តភ្នំពេញ។

ការគាំទ្ររបស់លោកទេសរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ នៃចំណតផែនកុងតឺន័រ LM១៧ របស់កំពង់ផែស្វយ័តភ្នំពេញ ជំហានទី៣ ដំណាក់កាលទី១ ដែលមានទីតាំងស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានទុនវិនិយោគប្រមាណ ១៨,៤លានដុល្លារអាមេរិក ដោយប្រើប្រាស់ថវិកាផ្ទាល់របស់កំពង់ផែស្វយ័តភ្នំពេញ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើង “តាមការសំណូមពររបស់លោក ហ៊ឺ បាវី ឲ្យមានការបង្កើតផែរណបមួយចំនួនទៀត ខ្ញុំសូមគាំទ្រ១០០ភាគរយ ក្នុងការបង្កើតផែរណបរបស់យើង។ ជំហានទី១ គឺផែរណប TS១១ ដែលយើងត្រៀមនឹងបង្កើតនាពេលឆាប់ៗខាងមុខនេះ ដោយសារតែយើងព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងសហការគ្នារវាងកំពង់ផែស្វយ័តភ្នំពេញ និងដៃគូឯកជន ដើម្បីកសាងកំពង់ផែ TS១១នេះ។

ក្រោយមក មានកំពង់ផែរណបផ្សេងៗទៀត យើងត្រូវតែជំរុញសហការគ្នា ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ឬសហការជាមួយឯកជន ដើម្បីបង្កើតផែនរណបឲ្យបានច្រើន ទើបការដឹកជញ្ជូនតាមផ្លូវទឹក មានប្រសិទ្ធភាព។”

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា បើមានតែកំពង់ផែស្វយ័តតែមួយ នៅភ្នំពេញនេះ គ្មានផែរណប ក៏មិនអាចដឹកទំនិញ កសិផល សមិទ្ធិផលនៅទូទាំងប្រទេស មកកំពង់ផែស្វយ័តភ្នំពេញបានដែរ។ ដូចនេះជាយុទ្ធសាស្ត្រនេះ ជាគោលដៅត្រឹមត្រូវរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលខិតខំប្រឹងប្រែងរកដៃគូសហការគ្នា មកកសាងផែរណប។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវទឹក គឺសំខាន់ណាស់ ហើយក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន សូមគាំទ្រ និងខិតខំប្រឹងប្រែងជំរុញធ្វើយ៉ាងណាឲ្យការដឹកជញ្ជូនតាមផ្លូវទឹក ឲ្យបានច្រើនថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ កាត់បន្ថយតម្លៃដឹកទំនិញ និងដើម្បីកាត់បន្ថយការខូចខាតផ្លូវថ្នល់។

បើតាមលោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីសាងសង់ទីលានជំហានទី៣ ដំណាក់កាលទី១នេះ ត្រូវបានបញ្ចប់ដោយជោគជ័យ កំពង់ផែស្វយ័តភ្នំពេញ នឹងអនុវត្តផែនការបន្ទាប់ នោះគឺការអភិវឌ្ឍគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណងកុងតឺន័រ LM17 ជំហានទី៣ ដំណាក់កាលទី២ (២០២២-២០២៣) ដោយធ្វើការពង្រីកទីលានផ្ទុកកុងតឺន័របន្ថែម និងការបំពាក់ RTG ចំនួន៤គ្រឿង លើផ្ទៃដីសរុប២,៧៤ហិកតា ដែលអាចបង្កើនសមត្ថភាព ១០ម៉ឺនTEUs ក្នុងមួយឆ្នាំ ដែលនាំឲ្យសមត្ថភាពផ្ទុកកុងតឺន័រ ដែលនាំឲ្យសមត្ថភាពផ្ទុកកុងតឺន័រសរុបរបស់ចំណតផែកុងតឺន័រ LM17 មានចំនួន៥០ម៉ឺន TEUs ក្នុងមួយឆ្នាំ។

លើសពីនេះ ប្រសិនបើបរិមាណកុងតឺន័រឆ្លងកាត់ នៅតែមានកំណើនជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ កំពង់ផែស្វយ័តភ្នំពេញ បានត្រៀមបំរុងទុកផ្ទៃដីប្រមាណ៩ហិកតា សម្រាប់ធ្វើការអភិវឌ្ឍទីលានផ្ទុកកុងតឺន័រ ជំហានទី៤ (២០២៤-២០៣០) ដើម្បីបង្កើនសមត្ថភាពផ្ទុកកុងតឺន័រ ឲ្យបាន៤០ម៉ឺន TEUs ក្នុងមួយឆ្នាំបន្ថែមទៀត ដែលនាំឲ្យសមត្ថភាពផ្ទុកកុងតឺន័រសរុប រហូតដល់៩០ម៉ឺន TEUs ក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០៕