ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ការសម្រេចចាក់វ៉ាក់សាំងជូនកុមារ អាយុពី​៦ ដល់ ១២ឆ្នាំ នាពេលខាងមុខនេះ គឺសំដៅធានានូវសិទ្ធិរស់រានមានជីវិត

image

អត្ថបទ លោក ហ៊ន សុភ័ក្រ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី១៥ខែកញ្ញា ឆ្នាំ ២០២១នេះ​ បានសរសេរលើ​ហ្វេសបុកផ្លូវការថា «ការសម្រេចចាក់វ៉ាក់សាំងជូនកុមារអាយុពី​ ៦ ដល់ ១២ឆ្នាំ​ ដែលនឹង​ត្រូវធ្វើចាប់ពីថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ គឺសំដៅធានានូវសិទ្ធិរស់រាន​មាន​ជីវិត សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិទទួលបាននូវការសិក្សារៀនសូត្រ»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «ប្រសិនបើយើងមិនអាចបើកសាលាបឋមសិក្សាឡើងវិញសម្រាប់កុមាររបស់យើងទេ ប្រៀបបានទៅនឹងការបាត់បង់គ្រឹះមូលដ្ឋាននៃវិស័យអប់រំរបស់យើង។ ម្យ៉ាងទៀត ការចាក់វ៉ាក់សាំងជូនកុមារពីអាយុ៦ឆ្នាំឡើង គឺជាផ្នែកមួយនៃការងារប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងផងដែរ ព្រោះវានឹងនាំអោយមានភាពសាំក្នុងសហគមន៍រហូតដល់ប្រមាណជាង៨០% ដើម្បីទប់ទល់នឹងការវាយលុកពីជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរាតត្បាតក្នុងប្រទេសយើងនិងប្រទេសផ្សេងទៀតនៅលើពិភពលោកទាំងមូល»។

ក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីសុខភាពសម្តេចបន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញថា «បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញបានប្រមាណ៣០ម៉ោង មកដល់ពេលនេះ ខ្ញុំហាត់ប្រាណបានជាធម្មតាឡើងវិញហើយ។ សប្តាហ៍នេះ មានកិច្ចការជាច្រើនដែល​ត្រូវធ្វើ ហើយកិច្ចការមួយដែលសំខាន់ជាងគេគឺអនាគតរបស់កុមារ ទាំងជីវិត ទាំងសុខភាព និងទាំងការសិក្សារបស់ពួកគេ»។

ព្រមជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសូមជូនពរលោកគ្រូ អ្នកគ្រូ ពិសេសចៅៗ ក្មួយៗជានិស្សិត និងសិស្សដែលបានវិលត្រឡប់​ចូលសាលារៀនវិញនៅថ្ងៃនេះ៕