ព័ត៌មានជាតិ

ក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ មិនទាន់បើកឱ្យដំណើរការសាលារៀនបាននៅឡើយទេ ខណៈស្រុក៧ទៀត បានបើកដំណើរការឡើងវិញហើយ

image

បន្ទាយមានជ័យ៖ ស្រុកចំនួន ៧ ក្នុងចំណោមស្រុក-ក្រុងចំនួន ៩ នៅខេត្តបន្ទាយមានជ័យ បានបើកឱ្យដំណើរការសាលារៀនជាធម្មតាឡើងវិញហើយ ខណៈដែលក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត នៅបន្តបិទ ដោយសារជំងឺកូវីដ-១៩នៅតែមានសភាពធ្ងន់ធ្ងរនៅឡើយ។ ស្រុកទាំង៧នោះគឺ ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកមង្គលបូរី ស្រុកស្វាយចេក ស្រុកថ្មពួក អូរជ្រៅ និងស្រុកម៉ាឡៃ។ នេះបើយោងតាមការឱ្យដឹងពី លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ នីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

លោក ឈួ ប៊ុនរឿង បានឱ្យដឹងថា ដោយមើលឃើញនូវស្ថានភាពកូវីដ-១៩បានអូសបន្លាយអស់ជាយូមកហើយនោះ ធ្វើឱ្យសិក្សានុសិស្សមួយចំនួនធំដែលជាសិស្សក្រីក្រមិនមានលទ្ធភាពអាចរៀនតាមអនឡាញបាន ប៉ុន្តែ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទាំងប្រជាពលរដ្ឋទូទៅ កុមារ និងយុវវ័យ ជាសិស្សានុសិស្ស រួមទាំងលោកគ្រូអ្នកគ្រូ នៅទូទាំងប្រទេសដើម្បីពិនិត្យលទ្ធភាពបើកសាលារៀនឡើងវិញ។

ប្រធានមន្ទីរអប់រំរូបនេះបានបន្តថា មកដល់ពេលនេះសម្រាប់ខេត្តបន្ទាយមានជ័យបានចាប់ផ្ដើមបើកឱ្យដំណើរការសាលារៀនឡើងវិញចំនួន ៥០ភាគរយ ហើយ នៅក្នុង៩ស្រុក-ក្រុង តែក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែតនៅបន្តបិទ។ ការបើកឱ្យដំណើរការឡើងវិញនូវសាលារៀនបានប្រព្រឹត្តទៅដោយរលូន រៀបរយ និងអនុវត្តបានល្អនូវវិធានការបង្ការ ការពារជំងឺកូវីដ-១៩ ដូចដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលណែនាំ។

ទន្ទឹមនឹងនេះ ក្នុងនាមមន្ទីរ ក៏ដូចជារដ្ឋបាលខេត្តបានក្រើនរំលឹកបន្ថែមដល់មន្ត្រីរដ្ឋបាលអប់រំ គណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូ ព្រមទាំងអាណាព្យាបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ត្រូវសហការបើកឱ្យដំណើរការសាលារៀនឡើងវិញ ទទួលបានលទ្ធផលល្អ មានប្រសិទ្ធិភាព និងប្រកបដោយការទទួលខុសត្រូវ។ ចំពោះ ប្រជាពលរដ្ឋដែលជាមាតាបិតាសិស្សក៏បានសម្ដែងនូវការសាទរការបើកឱ្យដំណើរការសាលាឡើងវិញនាពេលនេះផងដែរ៕

ដោយ៖ ប៊ុន ចាន់ថន