ព័ត៌មានជាតិ

សម្តេចព្រះមហាអរិយវង្ស អំពាវនាវឲ្យពុទ្ធបរិស័ទ ចូលរួមប្រារព្ធពិធីបុណ្យដាក់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំនេះ ឲ្យបានគ្រប់ៗគ្នា ប៉ុន្តែត្រូវអនុវត្តន៍វិធានការនានា របស់ក្រសួងសុខាភិបាល 

image

 អត្ថបទ ៖ សន ពិសិដ្ឋ  

  ភ្នំពេញ ៖ សម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា អគ្គលេខាធិការរងថេរសភាពុទ្ធសាសនា និងព្រះចៅអធិការវត្តមង្គលវ័ន ហៅស្វាយដង្គុំ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងការផ្តល់កិច្ចសម្ភាសន៍ដល់ CNC បានអំពាវនាវ ដល់ប្រជាពុទ្ធបរិស័ទទាំងអស់ នៅទូទាំងប្រទេស ចូលរួមប្រារព្ធពិធីបុណ្យដាក់បិណ្ឌ-ភ្ជុំបិណ្ឌ ក្នុងឆ្នាំនេះ ឲ្យបានគ្រប់ៗគ្នា ប៉ុន្តែត្រូវអនុវត្តន៍តាមវិធានការណែនាំនានា របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ធ្វើយ៉ាងណាទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺឆ្លងនេះ។ 

  ព្រះចៅអធិការវត្ត មានសង្ឃដីការបន្ថែមថា ការចូលរួមពិធីបុណ្យនេះ គឺជាការចូលរួមថែរក្សានូវវប្បធម៌ ប្រពៃណីរបស់ដូនតាខ្មែរ ពីសម័យបុរាណ ក្នុងវិស័យព្រះពុទ្ធសាសនា។

  «សូមចូលរួមប្រារព្ធពិធីបុណ្យនេះ ប៉ុន្តែត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច, ដោយយើងត្រូវតែរៀនរស់ ក្នុងសម័យកូវីដនេះ ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហើយត្រូវប្រកាន់ភ្ជាប់វិធានសុខាភិបាល ដែលយើងជឿជាក់ថា យើងនឹងថែរក្សាបាន មិនមានការចម្លងមេរោគ ហើយក៏រក្សាបាននូវវប្បធម៌ប្រពៃណីរបស់ខ្មែរ ជាពិសេសបដិបត្តិក្នុងព្រះពុទ្ធសាសសនា, ព្រោះថា ទន្ទឹមនឹងការរាតត្បាតពីមេរោគ យើងក៏ត្រូវបន្តបដិបត្តិតាមព្រះពុទ្ធសាសនា ដោយយើងមិនអាចកាត់ផ្តាច់អ្វីទាំងអស់ ដោយសារកូវីដនោះទេ ប៉ុន្តែយើងបដិបត្តិ ដោយមានការប្រុងប្រយ័ត្នកម្រិតខ្ពស់», នេះបើតាមសង្ឃដីការ របស់សម្តេចព្រះមហាអរិយវង្ស។    

  ព្រះចៅអធិការវត្តមង្គលវ័ន ដែលមានទីតាំងស្ថិតនៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានមានសង្ឃដីការដែរថា ការរៀបចំពិធីបុណ្យដាក់បិណ្ឌ-ភ្ជុំបិណ្ឌ ក្នុងឆ្នាំនេះ សម្រាប់វត្តមង្គលវ័ន នឹងអនុវត្តតាមវិធានសុខាភិបាល និងអនុសាសន៍ «៣កុំ ៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសេចក្តីប្រគេន-ជូនដំណឹង របស់ក្រសួងធម្មការ និងសាសនា ដោយបានរៀបចំ នូវឧបករណ៍វាស់កម្តៅ ឧបករណ៍លាងដៃសម្លាប់មេរោគ និងពុទ្ធបរិស័ទ ត្រូវពាក់ម៉ាស់ និងរក្សាគម្លាត។

  ជាមួយគ្នានោះ វត្តមង្គលវ័ន នឹងកាត់បន្ថយកម្មវិធីមួយចំនួន ក្នុងការរៀបចំពិធីបុណ្យប្រពៃណីដាក់បិណ្ឌ-ភ្ជុំបិណ្ឌ ក្នុងឆ្នាំនេះ ដើម្បីជៀសវាងការជួបជុំពុទ្ធបរិស័ទច្រើន។

  សម្តេចព្រចៅអធិការវត្ត បានមានសង្ឃដីកាដែរថា បច្ចុប្បន្នវត្តមង្គលវ័ន មានព្រះសង្ឃចំនួន៣៣អង្គ និងបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់អង្គ ទាំងដូសទី១ និងដូសទី២ ហើយព្រះសង្ឃមួយចំនួន ក៏បានទទួលបានវ៉ាក់សាំងដូសទី៣ផងដែរ។

  សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំនេះ នឹងប្រព្រឹត្តិទៅពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១៕