ព័ត៌មានជាតិ

អូស្ត្រាលី គ្រោងផ្តល់ហិរញ្ញប្បទានជាង ៦៥លានដុល្លារអាមេរិក សម្រាប់គម្រោងទ្វេភាគីថ្មី លើការអភិវឌ្ឍភាពធន់វិស័យសេដ្ឋកិច្ចកម្ពុជា

image

ភ្នំពេញ៖ អូស្រ្តាលីនឹងរៀបចំតម្រោងទ្វេភាគីថ្មី លើការអភិវឌ្ឍភាពធន់វិស័យសេដ្ឋកិច្ច មានទំហំហិរញ្ញប្បទានប្រមាណ ៩០លានដុល្លារអូស្ត្រាលី (ប្រមាណជាង ៦៥លានដុល្លារអាមេរិក) សម្រាប់រយៈពេល ៥ឆ្នាំ ដែលនឹងត្រូវចាប់ផ្តើមចាប់ពីឆ្នាំ ២០២២ រួមជាមួយលទ្ធភាពពន្យា ៣ឆ្នាំបន្ថែមទៀតផងដែរ។

នេះបើតាមការបញ្ជាក់ពីលោក Andreas Zurbrugg អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមប្រព័ន្ធវីដេអូអនឡាញ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ 

លោក Andreas Zurbrugg បានបញ្ជាក់ថា គម្រោងនេះ នឹងផ្តោតលើវិស័យអាទិភាព ៤ គឺវិស័យពាណិជ្ជកម្ម និងវិនិយោគ, កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម, ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាប័ន្នសង្គម និងយេនឌ័រ។ 

លោក ក៏បានបញ្ជាក់អំពីការគាំទ្ររបស់អូស្ត្រាលី ក្នុងកិច្ចអភិវឌ្ឍរបស់កម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានប្រមាណ ៦៦លានដុល្លារអូស្ត្រាលី សម្រាប់ឆ្នាំ២០២១ ដើម្បីគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍ ដែលផ្តោតលើវិស័យសន្តិសុខ, សុខាភិបាល, ភាពធន់សេដ្ឋកិច្ច, កសិកម្ម និងអប់រំ។ 

បន្ថែមពីនេះ លោក Andreas ក៍បានបញ្ជាក់អំពីការគាំទ្រហិរញ្ញប្បទានបន្ថែមរបស់អូស្ត្រាលីប្រមាណ ៣៥លានដុល្លារអូស្ត្រាលី សម្រាប់គាំទ្រដល់ការបញ្ជារទិញវ៉ាក់សាំងកូវី៥-១៩ ចំនួនប្រមាណ ៣លានដួស តាមរយៈអង្គការ UNICEF និងអង្គការសុខភាពពិភពលោក ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងផែនការចាក់វ៉ាក់សាំងជួនប្រជាជនក្នុងក្របខណ្ឌទូទាំងប្រទេស។ 

ជាមួយគ្នានេះលោក បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលសម្រេចបាន សមិទ្ធផលយ៉ាងធំធេងរហូតមកដល់បច្ចុប្បន្ន និងបានសម្តែងការកោតសរសើរ ចំពោះកិច្ចសហការដ៏ល្អ ក្នុងភាពជាដៃគូរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយរដ្ឋាភិបាលអូស្ត្រាលី ហើយបានប្ដេជ្ញាបន្តពង្រឹងកិច្ចសហការ និងភាពជាដៃគូល្អនេះ។

លោករដ្ឋមន្ត្រីប្រតិភូ ឈៀង យ៉ាណារាំ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការគាំទ្រកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសអំឡុងពេលរីករាលដាល នៃជំងឺកូវីដ១៩។ លោកបានកោតសរសើរចំពោះការផ្តួចផ្តើមកម្មវិធីរបស់អូស្ត្រាលី ដែលមានសង្គតិភាពជាមួយផែនការយុទ្ធសាស្ត្រនៃការស្ដារសង្គមសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីកូវីដ១៩ ដោយផ្តោតលើអភិក្រមការស្ចារ ការកែទម្រង់ និងភាពធន់។ 

សូមបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី ក៏បានបញ្ជាក់ពីការបន្តគាំទ្រហិរញ្ញប្បទានបន្ថែមលើកម្មវិធីចំនួន ២ផ្សេងទៀត គឺកម្មវិធីលើកកម្ពស់គុណភាព និងសមភាពសុខាភិបាល ដំណាក់កាលទី២ ប្រមាណ ៣០លានដុល្លារអូស្ត្រាលី និងគម្រោង Social Accountability Framework Project ដំណាក់កាលទី ២ ប្រមាណ ១៥លានដុល្លារអូស្ត្រាលី សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ៕