ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម ស្នើទៅនាយកធនាគារ ពិភពលោកថ្មីប្រចាំកម្ពុជា ឱ្យជួយចំនួន ៣ចំណុច លើវិស័យកសិកម្ម និងវារីវប្បកម្ម

image

អត្ថបទ៖ យ៉ង សុភា

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ គ្រាដែលជួបសំណេះសំណាលជាមួយលោកស្រី Maryam Salim នាយកគ្រប់គ្រងធនាគារ ពិភពលោកថ្មីប្រចាំនៅកម្ពុជា បានស្នើចំនួន៣ចំណុច ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងលើវិស័យកសិកម្ម និងវារីវប្បកម្ម។

សំណើដែលលោករដ្ឋមន្ត្រីបានលើកឡើងជូនលោកស្រី ធ្វើការពិនិត្យពិចារណានូវលទ្ធភាពដល់ការគាំទ្រលើគម្រោងសំខាន់ៗចំនួនបីនោះមានដូចជា ទី១- ការគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មបន្លែ ការពង្រឹងផលិតភាពផលិតកម្មបន្លែនៅទូទាំងប្រទេស និងដោយឡែកក្នុងតំបន់ជុំវិញរាជធានីភ្នំពេញ ដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងតម្លៃ ដោយធ្វើការចងក្រងបណ្តុំផលិត តភ្ជាប់ជាមួយបណ្តាញទីផ្សារ កន្លែងប្រមូលផ្តុំ រចនាសម្ព័ន្ធស្តុក និងការដឹកជញ្ជូន។ 

ទី២- បន្តធ្វើទំនើបកម្មវិស័យកសិកម្ម ដើម្បីលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្ថែម កសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធគាំទ្រដែលបម្រើដល់ផលិតកម្មដំណាំផ្លែឈើ ការកែច្នៃ និងការនាំចេញ ជាមួយនឹងការលើកកម្ពស់ការផ្តល់សេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ការសិក្សាស្រាវជ្រាវ និងផលិតពូជ សំដៅបង្កើនទិន្នផល ការគ្រប់គ្រង និងការប្រើប្រាស់ជី ថ្នាំកសិកម្ម ព្រមទាំងការកសាង និងពង្រឹងសមត្ថភាពធនធានមនុស្ស និងសមត្ថភាពមន្ទីរពិសោធន៍ជាតិ។ កិច្ចការដ៏សំខាន់ និងចាំបាច់ទាំងអស់នេះ ទាមទារឲ្យក្រសួង និងភាគីពាក់ព័ន្ធខិតខំ និងពង្រឹងភារកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព ដើម្បីឈានឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ 

ទី៣- ការអភិវឌ្ឍវិស័យវារីវប្បកម្ម សំដៅលើកកម្ពស់ផលិតភាពផលិតកម្ម ធានាបានគុណភាព   សុវតិ្ថភាព ពង្រឹង និងពង្រីកការងារស្រាវជ្រាវ បង្កាត់ និងផ្សព្វផ្សាយពូជត្រី និងចំណីឲ្យបានទូលំទូលាយ រួមទាំងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។ ជាងនេះទៅទៀត ការកសាង ខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម ទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗនៅតែជាអាទិភាព។ 

ជាការឆ្លើយតបលោកស្រី Maryam Salim ថានឹងយកសំណើនេះទៅពិនិត្យពិចារណាឱ្យបានលម្អិតជាមួយក្រុមជំនាញ និងដៃគូពាក់ព័ន្ធផ្សេងទៀត ហើយសង្ឃឹមថាធនាគារនឹងបន្តកិច្ចសហការឲ្យកាន់តែរឹងមាំជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យកាន់តែល្អប្រសើរថែមទៀត។

សូមរំលឹកថា គ្រាកន្លងទៅធនាគារពិភពលោក និងកម្ពុជា បានសាងសមិទ្ធផលវិជ្ជមានជាច្រើន ដែលបានបង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងឆន្ទ:រួមមួយគឺធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង កែប្រែកម្រិតជីវភាព បង្កើនបរិមាណផលិត ក៏ដូចជាពង្រីកសក្តានុពលផលិតតាមរយ:ការអនុវត្តបច្ចេកវិទ្យាសមស្រប ទំនើបទាន់សម័យ ធននឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ៕