ព័ត៌មានជាតិ

សាលារៀនចំនួន៥២ នៅខេត្តត្បូងឃ្មុំ មិនទាន់អាចបើកឱ្យដំណើរការបាននៅឡើយទេ ដោយសារស្ថានភាពជំងឺកូវីដ-១៩ក្នុងសហគមន៍

image

ត្បូងឃ្មុំ៖ ក្រោយទទួលបានសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចដាក់ឱ្យដំណើរការគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តទៅ ប៉ុន្តែមានសាលាចំនួន ៥២ នៅក្នុងខេត្តនេះ នៅមិនទាន់អាចបើកឱ្យដំណើរការបាននៅឡើយទេ ដោយសារស្ថានភាពជំងឺកូវីដ-១៩ ក្នុងសហគមន៍មិនទាន់ធូរស្រាល។ នេះបើយោងតាមការបញ្ជាក់ពី លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

លោក អ៊ិន ពៅសម្បត្តិ បានបញ្ជាក់ថា មកដល់ថ្ងៃនេះនៅទូទាំងខេត្តត្បូងឃ្មុំ មានសាលាចំនួន ៤៤៩ហើយ ដែលបានបើកឱ្យដំណើការ បូកទាំងសាលារដ្ឋ និងឯកជន តែដោយបញ្ហាជំងឺកូវីដ-១៩ មិនទាន់បានធូរស្រាល មានសាលាចំនួន ១៨ ត្រូវបានស្នើសុំផ្អាកវិញ ព្រោះក្នុងសហគមន៍របស់ពួកគាត់មានករណីផ្ទុះជំងឺកូវីដ-១៩។ មកដល់ពេលនេះនៅមានសាលាមួយចំនួនទៀត មិនទាន់បានបើកដំណើរការទូលំទូលាយនៅឡើយទេ ហើយការរៀននេះត្រូវយកមេរៀនដែលក្រសួងបំព្រួញ ពិសេសមេរៀនសំខាន់ៗត្រៀមប្រឡង សម្រាប់សិស្សថ្នាក់ទី៩ និងទី ១២  ។ ដោយសារការរៀននេះជាលក្ខណៈបណ្តំ ដូច្នេះមិនពេញតាមម៉ោងនោះទេ ដោយ១ក្រុមៗយ៉ាងច្រើនមានសិស្ស ១៥នាក់ និងត្រូវជួបគ្រូ ២ ឬ ៣ ម៉ោងប៉ុណ្ណោះ ព្រោះការរៀនបណ្តំនេះ សិស្ស និងគ្រូអាចរៀនតាមផ្ទះក៏បាន។

ទន្ទឹមនឹងការបើកឳ្យដំណើរការគ្រឹស្ថានសិក្សាឡើងវិញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ អាជ្ញាធរ ក្រុង/ស្រុក ក៏បានស្នើដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលទើបវិលត្រឡប់ចូលមូលដ្ឋានក្រុង/ស្រុក វិញ ដើម្បីបង្រៀន និងរៀន ត្រូវឡើងបញ្ជីឈ្មោះទៅរដ្ឋបាលក្រុង/ស្រុក ដោយណែនាំឱ្យទៅយកសំណាក មុនចូលរៀន និងចូលបង្រៀន។ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលគ្មានប័ណ្ណចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ក៏ត្រូវរៀបចំបញ្ជីឈ្មោះ និងបញ្ជាក់ពីមូលហេតុដែលមិនបានចាក់វ៉ាក់សាំងឱ្យបានច្បាស់លាស់ ដើម្បីឳ្យគណៈកម្មការសាលារៀន និងអាជ្ញាធរពាក់ព័ន្ធ ជួយសម្របសម្រួល ដើម្បីបានចូលបង្រៀន និងរៀននៅក្នុងសាលា៕

ដោយ៖ ជឹង សេងឡុង