ព័ត៌មានជាតិ

លោក​ បៃដិន​ ថា​ អាកាសធាតុអាក្រក់ខ្លាំងនឹងធ្វើឲ្យអាមេរិកខាតបង់ជាង ១០០ពាន់លានដុល្លារនៅឆ្នាំនេះ​

image

សាច់រឿង៖ប្រធានាធិបតីអាមេរិក លោក ចូ​ បៃដិន​ (Joe Biden) កាលពីថ្ងៃអង្គារ​ បាននិយាយថា​ ព្រឹត្តិការណ៍អាកាសធាតុអាក្រក់ខ្លាំង នឹងធ្វើឲ្យអាមេរិកខាតបង់ទឹកប្រាក់ជាង ១០០ពាន់លានដុល្លារនៅឆ្នាំ២០២១នេះ​ ដោយបានកេីនឡេីងខ្ពស់ជាងការខាតបង់កាលពីឆ្នាំមុនដែលមានចំនួន ៩៩ពាន់លានដុល្លារ។

ការបញ្ជាក់របស់​ លោក​ បៃដិន​ បានធ្វេីឡើងនៅក្នុងអំឡុងពេលដែលលោកកំពុងបំពេញទស្សនកិច្ចក្នុងរដ្ឋខូឡូរ៉ាដូ​ (Colorado) ដើម្បីលេីកឡេីងពីស្ថានភាពគ្រោះរាំងស្ងួត​ និងភ្លើងឆេះព្រៃនៅក្នុងតំបន់ភាគខាងលិចអាមេរិក។

លោក​ បៃដិន​ បាននិយាយថា​ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះសហគមន៍អាមេរិកជិតមួយនៅក្នុងចំណោមសហគមន៍អាមេរិកបីត្រូវបានវាយប្រហារដោយអាកាសធាតុអាក្រក់ខ្លាំង​ ដែលមានសភាពកាន់តែធ្ងន់ធ្ងរឡើងៗដោយសារការប្រែប្រួលអាកាសធាតុ។

លោកបាននិយាយថា​ «យើងដឹងថាអ្វីជាកត្តាជំរុញឲ្យអាកាសធាតុកាន់តែអាក្រក់ទៅៗ​ នោះគឺការប្រែប្រួលអាកាសធាតុ​ ហេីយយេីងដឹងថាអ្វីជាកត្តាជំរុញឲ្យមានការប្រែប្រួលអាកាសធាតុ​ នោះគឺសកម្មភាពរបស់មនុស្ស»។ 

លោកបានបន្ថែមថា​ ព្រឹត្តិការណ៍អាកាសធាតុអាក្រក់ខ្លាំងនាពេលថ្មីៗនេះនឹង​ «កេីតឡេីងទៀត​ ហេីយនឹងកាន់តែធ្ងន់ធ្ងរជាងមុន»។

លោក បៃដិន ក៏បានប្រើប្រាស់ការបំពេញទស្សនកិច្ចនេះដើម្បីស្វែងរកការគាំទ្រដល់ផែនការចំណាយរបស់រដ្ឋបាលលោកសម្រាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ​ ដែលមានគោលដៅប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដែលកំពុងកើនឡើងនៃការប្រែប្រួលអាកាសធាតុ៕